ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អំពាវនាវដល់ហ្សកហ្ស៊ី មិនឲ្យធ្វើបាបលោក Saakashvili


បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បាននិយាយប្រាប់មេដឹកនាំប្រទេសហ្សកហ្ស៊ីនៅថ្ងៃសុក្រនេះ មិនឲ្យធ្វើចំណាត់ការបង្ខិតបង្ខំមិនសមស្រប ទៅលើអតីតប្រធានាធិបតីហ្សកហ្ស៊ី លោក Mikheil Saakashvili ដែលកាន់សញ្ជាតិអ៊ុយក្រែន ដែលលោកទទួលបានក្នុងខណៈភៀសខ្លួន។


លោក Saakashvili ដែលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសហ្សកហ្ស៊ីរយៈពេល៩ឆ្នំា រហូតដល់ឆ្នាំ២០១៣ គឺត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០១ ខែតុលា បន្ទាប់ពីវិលត្រឡប់ទៅប្រទេសកំណើតលោកវិញ ដើម្បីប្រមូលផ្តុំធ្វើការប្រឆាំង នៅមុនការបោះឆ្នោតក្រុង។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទប្រើប្រាស់អំណាចខុស ពីការកាត់ទោសឆ្នាំ២០១៨ ប្រារព្ធធ្វើឡើងក្នុងទីកំបាំងមុខ ដែលលោកច្រានចោលថា វាជារឿងនយោបាយ។


គួរបញ្ជាក់ថា អាជ្ញាធរនៃប្រទេសហ្សកហ្ស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ជូនអ្នកនយោបាយវ័យ៥៣ឆ្នំារូបនេះ ទៅកាន់មន្ទីរពេទ្យពន្ធនាគារ នៅក្នុងរដ្ឋធានី Tbilisi ត្រឹមតែរយៈពេល៥សប្ដាហ៍ក្រោយលោកបានប្រកាសធ្វើកូដកម្មអត់អាហារនៅក្នុងគុក៕

ប្រែសម្រួល៖ប៉ាង កុង

To Top