ព័ត៌មានអន្តរជាតិ

អង្គការគោល នយោបាយ នៅអឺរ៉ុប បន្ថែមសហរដ្ឋអាមេរិក ទៅក្នុងបញ្ជីប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ ដើរ “ថយក្រោយ” ជាលើកដំបូង

បរទេស ៖ វិទ្យាស្ថានគោល នយោបាយ International IDEA បាននិយាយកាលពីថ្ងៃចន្ទដោយចង្អុលទៅ “ការចុះខ្សោយ ដែលអាចមើលឃើញ” ដែលវាបាននិយាយ ពីចាប់ផ្តើមនៅឆ្នាំ ២០១៩ ថា សហរដ្ឋអាមេរិក បានចូលរួមក្នុងបញ្ជីប្រចាំឆ្នាំ នៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ដើរ “ថយក្រោយ” ជាលើកដំបូង ។

យោងតាមសារព័ត៌មាន CBS News ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅទូទាំងពិភពលោក មានច្រើនជាងមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ៤នាក់ គឺរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យ ថយក្រោយ សមាមាត្រ ដែលកើនឡើងដល់ជាង ២នាក់ ក្នុងចំណោម ៣នាក់ ជាមួយនឹងការបន្ថែមរបបផ្តាច់ការ ឬ “កូនកាត់ ” នេះបើយោង តាមវិទ្យាស្ថានអន្តរជាតិ សម្រាប់លទ្ធិប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត ដែលមានមូលដ្ឋាន នៅទីក្រុង Stockholm ។

វិទ្យាស្ថាននេះ បាននិយាយនៅក្នុងរបាយការណ៍ របស់ខ្លួនដែលមានចំណងជើងថា “ស្ថានភាពប្រជាធិបតេយ្យ សកលឆ្នាំ ២០២១” ថា “ឆ្នាំនេះយើងបានដាក់កូដ សហរដ្ឋអាមេរិកថា ជាការដើរ ថយក្រោយជាលើកដំបូង ប៉ុន្តែទិន្នន័យរបស់យើង បានបង្ហាញថា ដំណាក់កាលដើរថយ ក្រោយបានចាប់ផ្តើមយ៉ាងហោច ណាស់នៅឆ្នាំ ២០១៩” ។

លោក Alexander Hudson ដែលជាសហអ្នកនិពន្ធ នៃរបាយការណ៍នេះ បានប្រាប់ AFP ថា «សហរដ្ឋអាមេរិក គឺជាប្រទេសប្រជាធិបតេយ្យ ដែលដំណើរការខ្ពស់ ហើយថែមទាំងបានធ្វើឱ្យប្រសើរឡើង នូវការអនុវត្តរបស់ខ្លួននៅក្នុងសូចនាករ នៃការគ្រប់គ្រងមិនលំអៀង (អំពើពុករលួយ និងការអនុវត្ត ដែលអាចព្យាករណ៍បាន) នៅឆ្នាំ ២០២០ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការថយចុះនៃសេរីភាព ស៊ីវិល និងការត្រួតពិនិត្យ លើរដ្ឋាភិបាលបង្ហាញថា អាមេរិកមានបញ្ហាធ្ងន់ធ្ងរជាមួយ នឹងមូលដ្ឋានគ្រឹះ នៃប្រជាធិបតេយ្យ” ។

របាយការណ៍បាននិយាយថា «ចំណុចរបត់ប្រវត្តិសាស្ត្របានកើតឡើងនៅឆ្នាំ ២០២០-២០២១ នៅពេលដែលអតីតប្រធានាធិបតី លោក Donald Trump បានចោទសួរពីភាពស្របច្បាប់ នៃលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ នៅសហរដ្ឋអាមេរិក” ។ លើសពីនេះ លោក Hudson បានចង្អុលទៅលើ “ការធ្លាក់ចុះនៃគុណភាពនៃសេរីភាព នៃសមាគម និងការជួបប្រជុំក្នុងរដូវក្តៅ នៃការតវ៉ានៅឆ្នាំ ២០២០” បន្ទាប់ពីប៉ូលីស បានសម្លាប់បុរសជនជាតិស្បែកខ្មៅ គឺលោក George Floyd ៕
ប្រែសម្រួលៈ ណៃ តុលា

To Top