ព័ត៌មានអន្តរជាតិ

កងទ័ព ចិន-កម្ពុជា មិនអនុញ្ញាត ឲ្យមានការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅ និងប្រឆាំងទង្វើ ប្រើអំណាចយក សិទ្ធិមនុស្សធ្វើជាលេស

ភ្នំពេញ ៖លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការ រវាង កងទ័ព ចិន-កម្ពុជា មិនអនុញ្ញាត ឲ្យមានការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅ និងប្រឆាំងដាច់ខាតចំពោះទង្វើ ប្រើអំណាចយក សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ។

ក្នុងពិធីប្រគល់-ទទួល សម្ភារៈវេជ្ជសាស្ដ្រ ពីក្រសួងការពារប្រទេសចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Wang Wentian បានឲ្យដឹងថា កងទ័ព កម្ពុជា-ចិន ជាបងប្អូនដែកថែប ស្គាល់ចិត្តគ្នាទៅវិញទៅមក និងមានចំណងមិត្តភាពប្រៀបដូច ដៃ និងជើង ។

លោក បានបន្ដថា ស្ថានភាពនៃជំងឺវីរុសកូវីដលើសកល នៅតែបន្តភាពតាងតឹងសន្តិភាពពិភពលោក និងស្ថិរភាព នៃតំបន់មានបញ្ហាប្រឈមជាច្រើន តែកងទ័ពទាំងពីរនៅតែបន្តគាំទ្រ គ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គជាមួយគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៃយោធាទាំងពីរយ៉ាងមុតមាំ បន្តលើកកម្ពស់កម្រិតសមត្ថភាពការពារ សុវត្ថិភាពជាតិ ការពារអធិបតេយ្យភាព និងបម្រើប្រជាជន។

លោកទូត បានបញ្ជាក់ថា «ខ្ញុំ ក៏សូមលើកឡើង ជាពិសេសថា កិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក រវាងប្រទេសនិងកងទ័ពទាំងពីរ មិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅបានឡើយ យើងប្រឆាំងដាច់ខាត ចំពោះទង្វើប្រើអំណាចដែលយក សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាលេសដើម្បី ធ្វើយុត្តាធិការហួសព្រំដែន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ»។

លោក បានបន្ថែម ថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តសហការជាមួយកងយោធពលខេមរភូមិន្ទ អនុវត្តយ៉ាងម៉ឺង ម៉ាត់នូវកុងសុងស៊ីស ជាយុទ្ធសាស្រ្ត ដែលថ្នាក់ដឹកនាំកំណត់ ជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែង នៃយោធាទាំងពីរ លើកកម្ពស់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ និងរួមចំណែកកាន់តែធំធេង ក្នុងការជំរុញអត្ថប្រយោជន៍នៃប្រជាជនចិន និងកម្ពុជាកាន់តែច្រើន៕

To Top