ព័ត៌មានអន្តរជាតិ

សូម្បីតែ WHO ក៏មិនទាន់ប្រាកដដែរ ទៅលើឥទ្ធិពលចម្លង និងវាយប្រហារប្រព័ន្ធភាព ស៊ាំរបស់ទម្រង់ឆ្លងថ្មី អូមីក្រុង

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអាទិត្យថា វាមិនទាន់ច្បាស់ នៅឡើយទេថា តើជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង អាចឆ្លងបានច្រើនជាង ឬបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ជាងនេះទេ បើប្រៀបធៀបទៅនឹងទម្រង់ ឆ្លងផ្សេងទៀត រួមទាំងទម្រង់ឆ្លង Delta។

WHO បានឲ្យដឹងថា វាមិនទាន់ច្បាស់ថាតើអូមីក្រុង ងាយឆ្លងពីមនុស្សទៅមនុស្សនោះទេ បើប្រៀបធៀប ទៅនឹងទម្រង់ផ្សេងទៀត ទោះបីជាចំនួនមនុស្សដែលធ្វើតេស្តវិជ្ជមាន បានកើនឡើងនៅអាហ្វ្រិកខាងត្បូង ដែលទម្រង់ឆ្លងនេះ ជាប់ពាក់ព័ន្ធក៏ដោយ។

វាក៏មិនទាន់ច្បាស់ថាតើអូមីក្រុង បង្កឱ្យមានជំងឺធ្ងន់ធ្ងរជាងនេះ ឬអត់ ប៉ុន្តែទិន្នន័យបឋមបានបង្ហាញថា មានការកើនឡើងអត្រា នៃការសម្រាកព្យាបាលនៅមន្ទីរ ពេទ្យនៅអាហ្រ្វិកខាងត្បូង ដែលទោះជាយ៉ាងណា អាចបណ្តាលមកពីការកើនឡើង នៃចំនួនមនុស្សឆ្លងសរុប។

WHO បានបញ្ជាក់ថា បច្ចុប្បន្នមិនមានព័ត៌មានណាមួយ ដែលបង្ហាញថា រោគសញ្ញាដែលទាក់ទងនឹងអូមីក្រុង មានភាពខុសប្លែកពីការ ប្រែប្រួលផ្សេងទៀតនោះទេ ដោយសារការយល់ដឹងពីកម្រិត នៃភាពធ្ងន់ធ្ងរនៃទម្រង់ឆ្លងនេះ នឹងចំណាយពេលច្រើនថ្ងៃទៅច្រើនសប្តាហ៍។

ផ្ទាំងពាណិជ្ជកម្ម

ទម្រង់ឆ្លងទាំងអស់នៃជំងឺកូវីដ-១៩ រួមទាំងទម្រង់ឆ្លង Delta ដែលបច្ចុប្បន្នកំពុងលេចធ្លោនៅទូទាំងពិភពលោក អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់ ជាពិសេសសម្រាប់អ្នក ដែលងាយរងគ្រោះបំផុត ហើយដូច្នេះការការពារគឺតែងតែជាគន្លឹះ។

ទោះបីជាយ៉ាងណាក៏ដោយ WHO បានឲ្យដឹងថា ភ័ស្តុតាង បឋមបង្ហាញថា វាអាចមានការកើនឡើងហានិភ័យ នៃការឆ្លងឡើងវិញ ជាមួយនឹងទម្រង់ឆ្លងអូមីក្រុង ប៉ុន្តែព័ត៌មានមានកម្រិត ។ ព័ត៌មានបន្ថែមអំពីបញ្ហានេះ នឹងមាននៅក្នុងថ្ងៃ និងសប្តាហ៍ខាងមុខ។

ប្រភពបានបន្ថែមថា ការធ្វើតេស្ត PCR បច្ចុប្បន្នបន្តរកឃើញទម្រង់ឆ្លងអូមីក្រុង ខណៈដែលការសិក្សា បន្ថែមទៀតកំពុងបន្ត ដើម្បីយល់ពីរបៀបដែលទម្រង់ឆ្លងនេះ នឹងជះឥទ្ធិពលលើវ៉ាក់សាំង និងការព្យាបាល ដែលមានចំពោះជំងឺកូវីដ-១៩៕

ដោយ ឈូក បូរ៉ា

To Top
×