ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា អាចនឹងបង្ខំចិត្តដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែ វាយប្រហារក្នុងចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប

បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនអាចនឹងបង្ខំចិត្ត ធ្វើការដាក់ពង្រាយមីស៊ីល សមត្ថភាពនុយក្លេអ៊ែ វាយប្រហារក្នុងរយៈចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប ដើម្បីជាការឆ្លើយតបចំពោះអ្វី ដែលខ្លួនមើលឃើញថា ជាផែនការធ្វើដូចគ្នានេះ របស់អង្គការណាតូ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី RIA នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូនឹងចាំបាច់ ត្រូវតែចាត់វិធានការ ប្រសិនបើអង្គការណាតូបដិសេធ មិនចូលរួមជាមួយខ្លួន ក្នុងការទប់ស្កាត់ភាពតានតឹង កើនឡើងបែបនេះ។

ការថ្លែងបែបនេះរបស់លោក ធ្វើឲ្យមានការកើនឡើងបន្ថែមទៀត នៅក្នុងជម្លោះរវាងលោកខាងកើត និងលោកខាងលិច ដែលប្រទេសរុស្ស៊ី កំពុងតែទាមទារឲ្យមានការធានា ផ្នែកសន្តិសុខពីលោកខាងលិច ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន ព្រមានទីក្រុងមូស្គូឲ្យដកថយ ចេញពីអ្វីដែលខ្លួនឃើញថា ជាភាពអាចកើតមានការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា កងកម្លាំងនុយក្លេអ៊ែវាយប្រហារ ក្នុងចម្ងាយមធ្យមនៅអឺរ៉ុប គឺត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញាឆ្នាំ១៩៨៧ ដែលបានព្រមព្រៀងគ្នា រវាងមេដឹកនាំសូវៀត លោក Mikhail Gorbachev និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Ronald Reagan ក្នុងអ្វីដែលគេកោតសរសើរថា ជាការបន្ធូរបន្ថយភាពតានតឹង នៃសង្គ្រាមត្រជាក់ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top