បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានលើកសរសើរ ឯកអគ្គរដ្ឋទូតចិន លោក Li Jinjun សម្រាប់ការជួយ ធ្វើឲ្យចំណងមិត្តភាពរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំង មានភាពល្អប្រសើរឡើង ស្របពេល ដែលប្រេសិតចិនរូបនេះ ចាកចេញក្រោយកាន់តំណែង អស់រយៈពេល៧ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា ការថ្លែងរបស់លោក គីម ជុងអ៊ុន បញ្ជូនប្រាប់ដល់លោក Li Jinjun តាមរយៈលោក Choe Ryong Hae ដែលជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងគណបក្សពលករកូរ៉េ។ លោក Li Jinjun ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Tok Hun។
លោក Choe Ryong Hae បាននិយាយប្រាប់ លោក Li Jinjun ថា “លោក គីម ជុងអ៊ុន បានកោតសរសើរ លោកឯកអគ្គរដ្ឋទូតជាខ្លាំង សម្រាប់ការជួយយ៉ាង ជោគជ័យ ដល់កិច្ចប្រជុំកំពូលជាច្រើន រវាងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េនិងចិន ក្នុងរយៈពេល៧ឆ្នាំកន្លងមក ធ្វើការប្រឹងប្រែងជាខ្លាំង ដើម្បីអភិវឌ្ឍចំណងមិត្តភាព រវាងភាគីទាំងពីរនិងប្រទេសទាំងពីរ និងការរួមសុខទុក្ខជាមួយប្រជាជនកូរ៉េ”។
លោកបានបន្តថា លោក គីម ជុងអ៊ុន មានការពេញចិត្តជាខ្លាំង ដែលចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងចិន បានឈានចូលដល់ភាពរីកចម្រើនថ្មី ក្រោមការដឹកនាំរបស់គណបក្ស កាន់អំណាចនៅក្នុងប្រទេសនីមួយៗ៕
ប្រែសម្រួល៖ប៉ាង កុង