ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ស្នើដាក់ទណ្ឌកម្ម លើករណីបាញ់ មីស៊ីល ផ្លោងរបស់កូរ៉េខាងជើង ជាលើកដំបូង

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា រដ្ឋបាលលោក បៃដិន កាលពីថ្ងៃពុធ ទី១២ ខែមករា បានដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួន លើកម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានការបាញ់មីស៊ីល ជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំង២គ្រាប់ចាប់តាំងពីសប្តាហ៍មុន ។

គួរបញ្ជាក់ថា ទណ្ឌកម្មនេះបានកំណត់គោលដៅលើ ជនជាតិកូរ៉េខាងជើង ចំនួន៦នាក់ ហើយជនជាតិរុស្ស៊ីមួយរូប ដែលមានក្រុមហ៊ុននៅ វ៉ាស៊ីនតោនបានឲ្យដឹងថា ជាអ្នកទទួលខុសត្រូវ ក្នុងការទិញទំនិញសម្រាប់ កម្មវិធីពីរុស្ស៊ី និងចិន ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ជំហាននេះមានគោលបំណងទាំង២ ដើម្បីការពារការរីកចម្រើន នៃកម្មវិធីរបស់កូរ៉េខាងជើង និងដើម្បីរារាំងការប៉ុនប៉ង របស់ខ្លួនក្នុងការរីកសាយ បច្ចេកវិទ្យាអាវុធ ។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានស្វែងរកជោគជ័យ ក្នុងការចូលរួមជាមួយក្រុងព្យុងយ៉ាង ក្នុងការសន្ទនា ដើម្បីបញ្ចុះបញ្ចូលឱ្យបោះបង់ គ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ចាប់តាំងពីចូលកាន់តំណែង កាលពីខែមករាឆ្នាំមុន ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Ned Price បានលើកឡើងថា ក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាបន្តការទូតជាមួយកូរ៉េខាងជើង ។

“អ្វីដែលយើងបានឃើញ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ … គ្រាន់តែគូសបញ្ជាក់នូវជំនឿរបស់យើងថា ប្រសិនបើយើងនឹងធ្វើឱ្យមានការរីកចម្រើន នោះយើងនឹងចាំបាច់ត្រូវចូលរួម ក្នុងកិច្ចសន្ទនានោះ” ។

ក្រសួងរតនាគារបានឲ្យដឹងថា ការដាក់ទណ្ឌកម្មបានធ្វើឡើង បន្ទាប់ពីមានការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើងចំនួន៦ដង ចាប់តាំងពីខែកញ្ញាមក ដែលការបាញ់នីមួយៗបានបំពាន លើដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ។

អនុរដ្ឋលេខាធិការរតនាគារ សម្រាប់អំពើភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ លោក Brian Nelson បានលើកឡើងថា ទង្វើនេះបានកំណត់គោលដៅ “បន្តប្រើប្រាស់អ្នកតំណាងក្រៅប្រទេស របស់កូរ៉េខាងជើង ដើម្បីទិញទំនិញខុសច្បាប់សម្រាប់ផលិតអាវុធ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×