ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,៧រ៉ិចទ័រ អង្រួនដល់ក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារ ឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ បានវាយប្រហារពីខេត្ត Banten នៃប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ជាមួយនឹងការរញ្ជួយយ៉ាងខ្លាំង នៅក្នុងរដ្ឋធានីហ្សាការតា ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការប្រកាសអាសន្ន រលកយក្សស៊ូណាមិ នៅឡើយទេ ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ការរញ្ជួយដីបានកើតឡើង នៅម៉ោង១៦និង០៥នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង៩និង០៥នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាល នៅចម្ងាយ៥២គីឡូម៉ែត្រ ភាគនិរតី នៃស្រុក Sumur នៃស្រុក Pandeglang ក្នុងខេត្ត Banten និងជម្រៅ១០គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ។

សាក្សីបានឲ្យដឹងថា ការរញ្ជួយនេះ បានបង្កឱ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកស្រុក ក្នុងទីក្រុងហ្សាការតា ដែលបានប្រញាប់ប្រញាល់ ទៅតាមផ្លូវពីអគារខ្ពស់ៗ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top