ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងធ្វើការដើម្បីបញ្ចប់ការព្យួរសិទ្ធិបោះឆ្នោត របស់អង្គការសហប្រជាជាតិចំពេលមានទណ្ឌកម្មរបស់អាមេរិក

តេអេរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការចរចាកំពុងដំណើរការរវាងទីក្រុងតេអេរ៉ង់ និងស្ថាប័នពិភពលោក ដើម្បីដកការព្យួរសិទ្ធិបោះឆ្នោតរបស់ប្រទេសនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ និងអនុញ្ញាតឱ្យអ៊ីរ៉ង់ បង់ថ្លៃសមាជិកភាពដល់អង្គការនេះឡើងវិញ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA លោក Majid Takht-Ravanchi បានសម្តែងក្តីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងផ្តល់លទ្ធផលអំណោយផលក្នុងពេលឆាប់ៗ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ក្នុងនាមជាសមាជិកសកម្មរបស់អង្គការសហប្រជាជាតិ តែងតែប្តេជ្ញាចិត្តក្នុងការបង់ថ្លៃសមាជិកភាពរបស់ខ្លួនទាន់ពេលវេលា និងបានបង្ហាញពីការអនុវត្តជាក់ស្តែង។

ការកត់សម្គាល់របស់លោក Takht-Ravanchi បានកើតឡើងនៅពេលដែលប្រទេសអ៊ីរ៉ង់ បានខកខានមិនបានបង់ថ្លៃសមាជិកភាពរបស់ខ្លួនសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយសារតែទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

លោកបានសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មិនត្រឹមតែធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការទិញសម្ភារៈមនុស្សធម៌ និងឧបករណ៍វេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងដល់ការងាររបស់អង្គការសហប្រជាជាតិផងដែរ។

បេសកជនអ៊ីរ៉ង់បានបន្ថែមថា “កាលពីឆ្នាំមុន ទីបំផុតយើងបានដោះស្រាយបញ្ហាតាមរយៈធនធានរបស់យើងនៅបរទេសបន្ទាប់ពីការចរចារបស់យើងជាមួយមន្ត្រីអង្គការសហប្រជាជាតិ”៕

ដោយ ឈូក បូរ៉ា

To Top
×