ព័ត៌មានអន្តរជាតិ

Global News៖ ប្រទេសកាណាដា បានបញ្ជូនកងកម្លាំងពិសេស មួយក្រុម ចូលប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមសារព័ត៌មាន Global News របស់ប្រទេសកាណាដា ដែលបានរាយការណ៍ថា កងកម្លាំងពិសេសរបស់កាណាដា ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានភាពតានតឹងកើនឡើងជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ បើតាម Global News គឺមាន ក្រុមតូចមួយត្រូវបានបញ្ជូនទៅកាន់ទីក្រុងគៀវ ដើម្បីទប់ស្កាត់ “ការឈ្លានពានរបស់រុស្ស៊ី” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ថែមពីលើការពង្រឹងកងកម្លាំងអ៊ុយក្រែន ទាហាននឹងជួយ “បង្កើតផែនការជម្លៀសបុគ្គលិកការទូតកាណាដា ក្នុងករណីមានការឈ្លានពានពេញទំហឹង” នេះបើតាមសារព័ត៌មានដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ។

ខណៈពេលដែលទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការឈ្លានពានប្រទេសអ៊ុយក្រែននោះ, មហាអំណាចលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបន្លឺសំឡេងរោទិ៍អំពីការលុកលុយយោធាដែលជិតមកដល់ ដោយចង្អុលទៅចលនាយោធារុស្ស៊ីនៅម្ខាងនៃព្រំដែន។

នៅព្រឹកថ្ងៃចន្ទនេះ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងផ្តល់ឱ្យយោធាអ៊ុយក្រែននូវអាវុធធុនស្រាលប្រឆាំងនឹងរថពាសដែក ក្នុងករណីមានការប្រឈមមុខដាក់គ្នាជាមួយកងទ័ពរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top