ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ មិនអនុញ្ញាតឱ្យប្រទេស សមាជិកណាតូ ប្រើប្រាស់ទឹកដីខ្លួន បញ្ជូនសព្វាវុធទៅឱ្យអ៊ុយក្រែន

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអាល្លឺម៉ង់កំពុងរារាំងសមាជិកអង្គការណាតូ គឺប្រទេស អេស្តូនី ពីការផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធា ដោយបដិសេធមិនផ្តល់ការអនុញ្ញាតឱ្យនាំចេញអាវុធដែលមានប្រភពចេញពីអាល្លឺម៉ង់។

យោងតាមគេហទំព័រ Yahoo News ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានប្រាប់កាសែត The Journal ថា “ប្រទេសអាល្លឺម៉ង់ ពួកគេមានការស្ទាក់ស្ទើរជាច្រើនក្នុងការប្រគល់ឱ្យពួកយើង” ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានពន្យល់ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តលើការនាំចេញសព្វាវុធគឺជាលទ្ធផលនៃគោលនយោបាយដ៏យូរអង្វែងមួយ។

អ្នកនាំពាក្យរូបនោះបាននិយាយថា “គោលការណ៍គ្រប់គ្រងការនាំចេញអាវុធគឺតែងតែដូចគ្នា – មិនថាពួកគេមកដោយផ្ទាល់ពីប្រទេសអាល្លឺម៉ង់ឬពីប្រទេសទីបី ហើយមិនមានការអនុញ្ញាតណាមួយត្រូវបានចេញនៅដំណាក់កាលនេះទេ” ដោយបន្ថែមថា “វាមិនអាចទៅរួចទេក្នុងការប៉ាន់ស្មានលទ្ធផលនៃ ដំណើរការនៅពេលនេះ»។

ប្រទេស អេស្តូនី កំពុងបញ្ចុះបញ្ចូលឱ្យប្រទេសអាល្លឺម៉ង់ផ្លាស់ប្តូរកម្មវិធីដើម្បីឱ្យខ្លួនអាចបញ្ជូន កាំភ្លើងធំ D-30 ទៅឱ្យប្រទេសអ៊ុយក្រែន។ របាយការណ៍របស់កាសែត The Wall Street Journal បាននិយាយថា អាវុធសូវៀតត្រូវបានទុកចោលក្នុងប្រទេសអាល្លឺម៉ង់បន្ទាប់ពីការបង្រួបបង្រួមឡើងវិញ មុនពេលត្រូវបាននាំចេញទៅកាន់ប្រទេសហ្វាំងឡង់ និងក្រោយមកនៅអេស្តូនី។

មិនដូចសមាជិកណាតូផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អាល្លឺម៉ង់បានបដិសេធមិនផ្តល់អាវុធដល់អ៊ុយក្រែន ចំពេលមានភាពតានតឹងជាមួយរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top