ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់ អត្តសញ្ញាណ១គ្រាប់ ទាំងព្រឹក ឆ្ពោះទៅសមុទ្រជប៉ុន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ក្នុងទិសដៅឆ្ពោះទៅសមុទ្រជប៉ុន នៅព្រឹកថ្ងៃអាទិត្យនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន យ៉ុនហាប់ បានផ្សាយដោយដកស្រង់សំដី អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ថា ការបាញ់បង្ហោះមីស៊ីល ឆ្ពោះទៅសមុទ្រខាងកើត (សមុទ្រជប៉ុន) ត្រូវបានប្រកាសនៅក្នុងសារមួយ ផ្ញើទៅកាន់អ្នកសារព័ត៌មាន និងមិនមានព័ត៌មានលម្អិតបន្ថែម ត្រូវបានផ្តល់ឱ្យទេ។

ផ្ទាំងពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ឆ្មាំឆ្នេរសមុទ្រជប៉ុន បានព្រមានអំពីការបាញ់មីស៊ីល ដែលអាចកើតមានឡើង ដោយកូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យ ដោយបានណែនាំ ឲ្យនាវានានាអនុវត្ត ការប្រុងប្រយ័ត្ន និងបានបញ្ជាក់បន្ថែមទៀតថា មីស៊ីលប្រហែលជាបានធ្លាក់ហើយ។

ប្រសិនបើការបាញ់បង្ហោះ ត្រូវបានបញ្ជាក់ជាផ្លូវការនោះ នេះគឺជាការសាកល្បងលើកទី៧ដែលធ្វើឡើង ដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top