ព័ត៌មានអន្តរជាតិ

ដំណោះស្រាយរបស់ IAEA ស្ដីពីសន្ដិសុខនុយក្លេអ៊ែរអ៊ុយក្រែន ធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ទីភ្នាក់ងារ

វីយែន៖ តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងវីយែនលោក Wang Qun បានឲ្យដឹងថា ដំណោះស្រាយ ស្តីពីសន្តិសុខនុយក្លេអ៊ែររបស់អ៊ុយក្រែន ដែលត្រូវបានអនុម័តដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ទីភ្នាក់ងារនេះជាអង្គការអន្តរជាតិ ដែលមានជំនាញវិជ្ជាជីវៈ។

លោក Wang បានធ្វើការកត់សម្គាល់បន្ទាប់ពីបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនៅក្នុងកិច្ចប្រជុំមួយដែលបានកោះប្រជុំដោយក្រុមប្រឹក្សាភិបាលរបស់ IAEA ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។

ដំណោះស្រាយ ស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខ និងការការពារផលប៉ះពាល់នៃស្ថានភាពនៅអ៊ុយក្រែន ដែលស្នើឡើងដោយកាណាដា និងប៉ូឡូញ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល IAEA នៅក្នុងកិច្ចប្រជុំ។

បេសកជនចិនបានឲ្យដឹងថា ដំណោះស្រាយបានហួសពីអាណត្តិរបស់ IAEA ដោយបង្ហាញធាតុនយោបាយជាច្រើន។

លោកបានបន្តថា “វាជារឿងមិនអាចទទួលយកបាននោះទេ ដែលប្រទេសពាក់ព័ន្ធមិនយកចិត្តទុកដាក់លើ ការផ្តល់យោបល់ក្នុងន័យស្ថាបនានៃការ ធ្វើវិសោធនកម្មបានជំរុញដំណោះស្រាយនេះ ទៅក្នុងការបោះឆ្នោតដោយចេតនា “។

លោក Wang បានលើកឡើងថា ប្រទេសចិនមានការព្រួយបារម្ភអំពីសុវត្ថិភាព សន្តិសុខ និងការការពាររោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន ហើយគាំទ្រ IAEA ក្នុងការបំពេញភារកិច្ចរបស់ខ្លួនស្របតាមអាណត្តិរបស់ខ្លួន៕


ប្រែសម្រួល ឈូក បូរ៉ា

To Top