ព័ត៌មានអន្តរជាតិ

រុស្ស៊ី ពិភាក្សាជាមួយប្រេស៊ីល ជុំវិញបញ្ហាប្រឈមនឹងសន្តិសុខ ស្បៀងសកល និងកិច្ចសហប្រតិបត្តិការទ្វេភាគី វិស័យកសិកម្ម

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី និងសមភាគីប្រេស៊ីល លោក Jair Bolsonaro បានពិភាក្សាគ្នា អំពីបញ្ហាប្រឈមសន្តិសុខស្បៀងជាសកល និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យកសិកម្ម និងថាមពល ក្នុងអំឡុងពេលជួបសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ។

វិមានក្រឹមឡាំងបានលើកឡើងថា បញ្ហាសន្តិសុខស្បៀង ត្រូវបានពិភាក្សាយ៉ាងលម្អិត ហើយលោកប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការស្ដារឡើងវិញ នូវពាណិជ្ជកម្មសេរី នៃចំណីអាហារ និងជី ដែលពីមុនត្រូវបានរំខាន ដោយទណ្ឌកម្ម របស់ប្រទេសលោកខាងលិច ។

លោក ពូទីន បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រុស្ស៊ី ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួន ក្នុងគោលបំណងធានា នូវការផ្គត់ផ្គង់ជីរុស្ស៊ី ដែលមិនមានការរំខាន ដល់កសិករប្រេស៊ីល ។

វិមានក្រឹមឡាំងបានលើកឡើងថា មេដឹកនាំទាំង២ ក៏បានឯកភាពគ្នាលើសារៈសំខាន់ នៃការពង្រឹងភាព ជាដៃគូយុទ្ធសាស្ត្រ រវាងរុស្ស៊ី និងប្រេស៊ីល និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញ ទៅមកក្នុងវិស័យជាច្រើនទៀត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top