ព័ត៌មានអន្តរជាតិ

មេដឹកនាំ G7 ហៅការវាយប្រហារ ដោយកាំជ្រួចរបស់រុស្សី ទៅលើផ្សារទំនើបកណ្តាល ប្រទេសអ៊ុយក្រែន ជា ឧក្រិដ្ឋកម្មសង្រ្គាម

បរទេស៖ ការវាយប្រហារដោយកាំជ្រួចរបស់រុស្សីទៅលើផ្សារទំនើបមួយកន្លែងនៅកណ្តាលប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ នៅក្នុងអ្វីដែលក្រុមមេដឹកនាំប្រទេសទាំង៧ ឬ G7 ដាក់ឈ្មោះថា ជា “ឧក្រិដ្ឋកម្មសង្រ្គាម” នៅឯកិច្ចប្រជុំមួយក្នុងប្រទេសអាល្លឺម៉ង់ ដែលពួកគេក៏បានសម្លឹងមើលការបង្កើនការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូផងដែរ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំទាំងឡាយបានប្តេជ្ញាថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងអ្នកទទួលខុសត្រូវ នឹងត្រូវទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃច័ន្ទនៅក្នុងទីក្រុង Kremenchuk ដែលបានធ្វើឡើងក្នុងអំឡុងពេលម៉ោងមមាញឹកបំផុតរបស់ផ្សារទំនើប នៅក្នុងប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

មេដឹកនាំ G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោស “ការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើម” ថា “ការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម” ។

ប្រទេសអ៊ុយក្រែនចោទរុស្ស៊ីពីចេតនាដាក់គោលដៅលើជនស៊ីវិល ដោយប្រធានាធិបតី Volodymyr Zelensky បានហៅវាថាជាអំពើភេរវជនដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ុបក្នុងការផ្សាយពេលល្ងាចរបស់លោកដែលបានបង្ហោះតាម Telegram៕ប្រែសម្រួលៈ ណៃ តុលា

To Top