ព័ត៌មានអន្តរជាតិ

Update៖ រកឃើញសាកសព ចំនួន១២នាក់ បន្ទាប់ពីរងការវាយប្រហារ ដោយព្យុះទីហ្វុង មកពីសមុទ្រចិនខាងត្បូង ធ្វើឲ្យកប៉ាល់ដាច់ជា២កំណាត់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា អាជ្ញាធរចិនបានឲ្យដឹង កាលពីថ្ងៃចន្ទថា សាកសពចំនួន១២នាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីមានការលិចកប៉ាល់ នៅសមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍ ដែលបណ្តាលឲ្យនាវិក ចំនួន៣០នាក់បាត់ខ្លួន ។

សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាវិស្វកម្មមួយ នៅចម្ងាយ១៦០ម៉ាយល៍ ស្មើនឹង២៩៦គីឡូម៉ែត្រ នៅភាគនិរតី នៃទីក្រុងហុងកុង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានដាច់ជាពីរបំណែក ក្នុងអំឡុងពេលព្យុះទីហ្វុងមួយកើតឡើង ។

មជ្ឈមណ្ឌលស្វែងរក និងជួយសង្គ្រោះដែនសមុទ្រក្វាងទុង បានឲ្យដឹងថា “គិតត្រឹមម៉ោង៣និង៣០រសៀល ថ្ងៃទី៤ ខែកក្កដា កងកម្លាំងជួយសង្គ្រោះបានរកឃើញ និងស្រង់សាកសពចំនួន១២នាក់ ដែលគេសង្ស័យថា ជាជនរងគ្រោះដែលបានលង់ទឹក នៅក្នុងតំបន់ប្រហែល៥០ម៉ាយ ពីភាគនិរតីនៃកន្លែងដែលកប៉ាល់បានលិច” ។

សមាជិកនាវិកសរុបចំនួន៣០នាក់ បានចុះចោលកប៉ាល់ Fujiing 001 ដែលប្រើសម្រាប់ការសាងសង់ថាមពលខ្យល់ នៅឆ្នេរសមុទ្រ បន្ទាប់ពីខ្សែសង្វាក់យុថ្ការបស់វា បានបាក់នៅក្នុងព្យុះទីហ្វុង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ចិន CGTN បានផ្សាយដូច្នេះ ។

ទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយថា សត្វក្រៀលអណ្តែតទឹក នៃគម្រោងកសិដ្ឋានខ្យល់ នៅឯនាយសមុទ្រត្រូវបានរកឃើញថា ស្ថិតក្នុងគ្រោះថ្នាក់ដោយប្រព័ន្ធ ត្រួតពិនិត្យកាលពីថ្ងៃសៅរ៍ ហើយក្រោយមកវាបានលិចលង់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top