ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេស ប្ដេជ្ញាបន្ដកាន់តំណែង បើទោះជាមានការលាលែង តំណែងដោយរដ្ឋមន្រ្តីសំខាន់ៗ

ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានប្តេជ្ញាថា នឹងបន្តកាន់អំណាច បើទោះបីជាមានការលាលែង ពីតំណែងកាលពីថ្ងៃអង្គារ នៃគណៈរដ្ឋមន្ត្រីសំខាន់ៗចំនួនពីរ និង ការសម្រេចចិត្តបន្ត ដោយរដ្ឋមន្ត្រី និងជំនួយការផ្សេងទៀត ក្នុងការលាលែងពីមុខតំណែងតូចៗ បន្ថែមទៀតរបស់ពួកគេ ជុំវិញការដឹកនាំ ដែលមានរឿងអាស្រូវរបស់លោក ។

លោក Sajid Javid និង Rishi Sunak បានលាលែងពីមុខតំណែង ជាលេខាធិការសុខាភិបាល និងជាអធិការបតីរៀងៗខ្លួន កាលពីថ្ងៃអង្គារក្នុងការតវ៉ាប្រឆាំង នឹងការដឹកនាំរបស់លោក Johnson ។

លោក Javid បានលើកឡើងថា លោក “មិនអាចបន្តបម្រើក្នុងរដ្ឋាភិបាលនេះ ទៀតបានទេ” ខណៈពេលដែលលោក Sunak រិះគន់ការខ្វះសមត្ថភាពរបស់រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

ការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើល របស់រដ្ឋមន្ត្រីកំពូលទាំងពីរបានជំរុញឱ្យមានការលាលែងពីតំណែង ដោយចំនួនរដ្ឋមន្ត្រី និងជំនួយការដើរចេញឈាន ដល់ប្រហែល ២០ មុនពេលលោក Johnson បានទៅប្រឈមមុខនឹងការរិះគន់នៅឯសម័យប្រជុំ សំណួរនាយករដ្ឋមន្ត្រីប្រចាំសប្តាហ៍ (PMQs) ក្នុងសភាកាលពីរសៀលថ្ងៃពុធ ។

លោកនាយករដ្ឋមន្រ្តីបានឲ្យដឹង នៅពេលសួរដោយសមាជិក សភាថា “ការងាររបស់នាយករដ្ឋមន្ត្រី ក្នុងកាលៈទេសៈលំបាកនៅពេល ដែលលោកត្រូវបានប្រគល់ អាណត្តិដ៏ច្រើន គឺត្រូវបន្ត ហើយនោះជាអ្វីដែលខ្ញុំនឹងធ្វើ”។

លោកបន្ថែម “វាជាពេលវេលាដ៏លំបាក នៅពេលដែលប្រទេសនេះ ប្រឈមមុខនឹងសម្ពាធលើសេដ្ឋកិច្ច និងសម្ពាធលើ ថវិការបស់ពួកគេ ហើយនៅពេលដែលយើងមានសង្រ្គាមដ៏ធំបំផុត នៅអឺរ៉ុបក្នុងរយៈពេល ៨០ឆ្នាំ នោះគឺជាពេលវេលាដែលអ្នករំពឹងថា នឹងមានរដ្ឋាភិបាលបន្តជាមួយវា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top