ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មជាច្រើន បន្ថែមទៀត លើប្រទេសរុស្ស៊ី

ព្រុចសែល៖ សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ីជុំវិញជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន រួមទាំងការហាមឃាត់ការនាំចូលមាស និងការរឹតបន្តឹងការគ្រប់គ្រងការនាំចេញ លើទំនិញបច្ចេកវិទ្យាខ្ពស់។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា “ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានពង្រឹង និងអូសបន្លាយពេលប្រឆាំងនឹងវិមានក្រឹមឡាំង បញ្ជូនសញ្ញាដ៏រឹងមាំមួយទៅកាន់ទីក្រុងម៉ូស្គូថា យើងនឹងរក្សាសម្ពាធឱ្យខ្ពស់ ដរាបណាវានៅតែត្រូវការ” ។

តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេសលោក Josep Borrell បានពណ៌នាការដាក់ទណ្ឌកម្មបន្ថែមថាជា “ជំហានសំខាន់មួយទៀត ដើម្បីកាត់បន្ថយសមត្ថភាព របស់រុស្ស៊ីក្នុងការបន្ត និងផ្តល់ហិរញ្ញប្បទានដល់សង្រ្គាម ឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន”។

លោក Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងហាមឃាត់យ៉ាង មានប្រសិទ្ធភាពនូវការនាំចេញ ដ៏សំខាន់បំផុតរបស់រុស្ស៊ី បន្ទាប់ពីថាមពល និងមាសរុស្ស៊ី” ។

លោកបន្តថា ទន្ទឹមនឹងនេះសហភាពអឺរ៉ុប កំពុងពង្រីកការលើកលែង ប្រតិបត្តិការសម្រាប់ផលិតផលកសិកម្ម និងការផ្ទេរប្រេងទៅប្រទេសទី៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Borrell បានបន្ថែមថា “សហភាពអឺរ៉ុបកំពុងធ្វើផ្នែករបស់ខ្លួន ដើម្បីធានាថាយើងអាចយកឈ្នះ លើវិបត្តិស្បៀងអាហារពិភពលោក ដែលកំពុងកើតមាន។ វាអាស្រ័យលើប្រទេសរុស្ស៊ីឥឡូវនេះ ដើម្បីបញ្ឈប់ការទម្លាក់ គ្រាប់បែកលើវាលស្រែ និងស៊ីឡូរបស់អ៊ុយក្រែន និងបញ្ឈប់ការបិទច្រកសមុទ្រខ្មៅ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top