បរទេស៖ ក្រុមមន្ត្រីបានអះអាងថា យោធារបស់កោះតៃវ៉ាន់ បានបាញ់គ្រាប់ភ្លើង ដើម្បីរារាំងយន្តហោះចិន នៅជិតកោះឆ្ងាយៗ ពីឆ្នេរសមុទ្រភាគខាងលិច របស់ខ្លួន ខណៈដែលទីក្រុងតៃប៉ិ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលសមយុទ្ធ ដែនអាកាស និង កងទ័ពជើងទឹកដ៏ធំ ដោយទីក្រុងប៉េកាំង បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក Chang Zone-sung របស់កងទ័ពកោះតៃវ៉ាន់ បានប្រាប់សារព័ត៌មានរ៉យទ័រថា យន្តហោះគ្មានមនុស្សបើក២គ្រឿង ត្រូវបានគេប្រទះឃើញនៅជិតកោះ Kinmen កាលពីយប់ថ្ងៃពុធ ហើយថា យន្តហោះគ្មានមនុស្សបើកនោះ បានធ្វើដំណើរជាគូ ហើយបានចូលទៅក្នុងតំបន់នោះពីរដង។
ឧត្តមសេនីយ៍ឯក Chang Zone-sung បន្ថែមថា “យើងបានបាញ់គ្រាប់ភ្លើងភ្លាមៗ ដើម្បីចេញការព្រមាន និងបណ្តេញយន្តហោះគ្មាន មនុស្សបើកទាំងពីរគ្រឿងនោះ ឱ្យចាកចេញ។ យន្តហោះគ្មានមនុស្សបើករបស់ចិន បានចូលមកក្នុងតំបន់កំហិតរបស់យើង ហើយនោះជាមូលហេតុ ដែលយើងបំបែកពួកគេ ។ “យើងមាននីតិវិធីប្រតិបត្តិការស្តង់ដារ។ យើងនឹងប្រតិកម្មនោះទេ ប្រសិនបើពួកគេចូលមក»។
ឧត្តមសេនីយរូបនេះ បាននិយាយថា យន្តហោះគ្មានមនុស្ស បើកត្រូវបានបញ្ជូនមកដើម្បីប្រមូលព័ត៌មានសម្ងាត់ ដោយឆ្លុះបញ្ចាំងពីការហោះហើរ ថ្មីមួយទៀតនៅជិតប្រជុំកោះ Matsu កាលពីសប្តាហ៍មុន ដែលមន្ត្រីកោះតៃវ៉ាន់បាននិយាយថា មានគោលបំណង ស៊ើបអង្កេតតំបន់ការពារ៕
ប្រែសម្រួលៈ ណៃ តុលា