ព័ត៌មានអន្តរជាតិ

ចិន សង្ឃឹមថា គណៈរដ្ឋមន្ត្រីជប៉ុនថ្មី នឹងធ្វើការឆ្ពោះ ទៅរកទំនាក់ទំនង ទ្វេភាគីដ៏រឹងមាំ

ប៉េកាំង ៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនសង្ឃឹមថាគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងធ្វើការឆ្ពោះទៅរក ទំនាក់ទំនងទ្វេភាគី “រឹងមាំ និងស្ថិរភាព” បន្ទាប់ពីការធ្លាក់ចុះថ្មីៗនេះ របស់ពួកគេជុំវិញភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងថា “ប្រទេសចិនយកចិត្តទុក ដាក់ចំពោះទំនាក់ទំនងចិន-ជប៉ុន ហើយយើងសង្ឃឹមថា គណៈរដ្ឋមន្ត្រីថ្មី អាចធ្វើការរួមគ្នា ជាមួយប្រទេសចិន និងជំរុញទំនាក់ទំនងទ្វេភាគី ឱ្យរីកចម្រើនតាមគន្លង នៃការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព”។

ទោះបីជាប្រទេសទាំងពីរ នឹងប្រារព្ធខួបលើកទី៥០ នៅខែក្រោយនៃការធ្វើឱ្យទំនាក់ទំនងការទូត មានលក្ខណៈធម្មតាក៏ដោយ ក៏គ្មានអារម្មណ៍អបអរដែរ ខណៈដែលទីក្រុងប៉េកាំងបានតវ៉ា នឹងការរិះគន់របស់ទីក្រុងតូក្យូ ចំពោះការឆ្លើយតបរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធាន សភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីសប្តាហ៍មុន។

ក្នុងអំឡុងពេលសមយុទ្ធយោធា ទ្រង់ទ្រាយធំរបស់ចិន ដែលបានធ្វើឡើងនៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីការធ្វើដំណើរ របស់លោកស្រី Pelosi កាំជ្រួចផ្លោងចំនួន ៥គ្រាប់ បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន ដែលបង្កឱ្យមានការតវ៉ាពីលោក Kishida ។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍អំពីការរុះរើ គណៈរដ្ឋមន្ត្រីរបស់លោក Kishida ដែលរួមមានរដ្ឋមន្ត្រីការពារជាតិថ្មី Yasukazu Hamada និង Masanobu Ogura ដែលត្រូវបានជ្រើសរើសជារដ្ឋមន្ត្រី ទទួលបន្ទុកដោះស្រាយបញ្ហា អត្រាកំណើតធ្លាក់ចុះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top