ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគីថា ពិភពលោកគួរតែពិភាក្សា ជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី ដើម្បីបញ្ចប់ជម្លោះ ដោយសន្តិវិធី

បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់អ្នកកាសែតនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោកកំពុងធ្វើមិនគ្រប់គ្រាន់ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកបាននិយាយថា មេដឹកនាំអន្តរជាតិគួរតែផ្តោតលើការទូត និងពិភាក្សាបន្ថែមទៀត ជាមួយទាំងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងក្រុងគៀវ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីដោយសន្តិវិធី។

យោងតាមសារព័ត៌មាន RT ចេញផ្សយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Erdogan បាននិយាយថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា តែងតែ “ជឿជាក់លើអំណាចនៃការសន្ទនា និងការទូត” ដោយចង្អុលទៅកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់ប្រទេសតួកគីនៅក្នុងកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិអ៊ីស្តង់ប៊ុល រវាងទីក្រុងម៉ូស្គូ និងគៀវ និងការដោះដូរអ្នកទោស នាពេលថ្មីៗនេះរវាងភាគីទាំងពីរ។ លោកបានបន្ថែមថា ការខិតខំប្រឹងប្រែងជាបុគ្គល របស់មេដឹកនាំពិភពលោក មិនគ្រប់គ្រាន់ទេ។

លោក Erdogan បានកត់សម្គាល់ថា លោកនឹងទូរស័ព្ទទៅពូទីននិង Zelensky ហើយបន្ត “ការទូតតាមទូរស័ព្ទ” របស់លោក។ លោកបន្តថា អង្គការសហប្រជាជាតិ មិនអាចបញ្ចប់សង្គ្រាម មិនអាចបញ្ឈប់ការបង្ហូរឈាម និងមិនអាចស្វែងរកដំណោះស្រាយចំពោះវិបត្តិថាមពល និងអាហារបានទេ” ដោយអំពាវនាវឱ្យមេដឹកនាំពិភពលោកផ្សេងទៀត ចូលរួមជាមួយប្រទេសតួកគីក្នុងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា

To Top