ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ការពារផែនការសារពើពន្ធ ចំពេលមានការរិះគន់ ភាពចលាចលផ្នែកហិរញ្ញវត្ថុ

ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានការពារសេចក្តីថ្លែងការណ៍ សារពើពន្ធរបស់រដ្ឋាភិបាល របស់លោកស្រី ដែលបានប្រកាស កាលពីសប្តាហ៍មុនដោយហៅវាថា “ជាផែនការត្រឹមត្រូវ” ចំពេលមានការរិះគន់យ៉ាងទូលំទូលាយ និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុដ៏ធំ។

លោកស្រី Truss បានឲ្យដឹងនៅក្នុងការអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយដំបូងរបស់លោកស្រី បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រមុនបានបង្ហាញ កញ្ចប់កាត់បន្ថយពន្ធដ៏ធំបំផុតថា “យើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់” ហើយវិធានការចាំបាច់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានចលនា និងដោះស្រាយជាមួយនឹងអតិផរណា។

នាយករដ្ឋមន្ត្រីបានលើកឡើងថា ការជៀសវាងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបានព្យាករណ៍មានន័យថា វាជារឿងសំខាន់ដែលរដ្ឋាភិបាល ចាត់វិធានការយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ផែនការសារពើពន្ធបានធ្វើឱ្យ ទីផ្សារមានភាពចលាចល នៅពេលដែលប្រាក់ផោនរបស់អង់គ្លេស បានដួលរលំ ហើយការចំណាយលើការខ្ចីប្រាក់ របស់រដ្ឋាភិបាលបានកើនឡើងយ៉ាងខ្លាំង។ វិនិយោគិនមានការព្រួយបារម្ភថា គោលនយោបាយនេះនឹង បង្កើនការខ្ចីប្រាក់សាធារណៈ នាំមកនូវភាពមិនច្បាស់លាស់ សារពើពន្ធធ្ងន់ធ្ងរ និងជំរុញឱ្យមានអតិផរណាខ្ពស់ រួចទៅហើយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរិះគន់រដ្ឋាភិបាលអង់គ្លេស ជាចំហលើផែនការកាត់បន្ថយ ពន្ធរបស់ខ្លួន។ ដោយទទួលបានសម្ពាធអតិផរណា កើនឡើងនៅក្នុងប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេសផងដែរ “យើងមិនណែនាំកញ្ចប់សារពើពន្ធធំ និងគ្មានគោលដៅនៅដំណាក់កាលនេះទេ ព្រោះវាជារឿងសំខាន់ដែល គោលនយោបាយសារពើពន្ធមិនដំណើរការ ក្នុងគោលបំណងឆ្លងទៅ គោលនយោបាយរូបិយវត្ថុ” ។

លោកស្រី Truss បានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ថា “មានមនុស្សជាច្រើនដែលមានគំនិតខុសៗគ្នា ប៉ុន្តែអ្វីដែលខ្ញុំគិតថា គ្មាននរណាម្នាក់ប្រកែកនោះ គឺយើងត្រូវចាត់វិធានការជាមួយនឹង ស្ថានភាពសេដ្ឋកិច្ចដ៏លំបាកមួយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top