ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន បញ្ជាក់ថា ទីក្រុងជាច្រើន នៅទូទាំងប្រទេស គឺជាគោលដៅវាយប្រហារ ដោយមីស៊ីល របស់រុស្ស៊ី

បរទេស ៖ ការវាយប្រហារ ដោយគ្រាប់មីស៊ីល ជាច្រើនបានវាយប្រហារ ទៅលើទីក្រុងនានា របស់អ៊ុយក្រែន នៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានសន្មតថា ការវាយប្រហារនេះ គឺមក ពីប្រទេសរុស្ស៊ី ។ ការវាយប្រហារនេះ កើតឡើង២ថ្ងៃ បន្ទាប់ពីគ្រាប់បែកបានបំផ្លាញ ស្ពាននៅតំបន់គ្រីមៀ ដែលជាស្ពាន យុទ្ធសាស្ត្រ ដែលការបំផ្ទុះនេះ ត្រូវបានទីក្រុងម៉ូស្គូ ហៅថា ជាការវាយប្រហារ ភេរវកម្ម របស់អ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតី អ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ពីការវាយប្រហារ លើរដ្ឋធានីគៀវ និងទីក្រុង Dnepr និង Zaporozhye មុនពេលជំរុញ ឱ្យប្រជាជនជ្រកកោនដើម្បីសុវត្ថិភាព។ មន្ត្រីក្នុងតំបន់នៅ Lviv, Kharkov និង Odessa ក៏បានរាយការណ៍ថា ទីក្រុងរបស់ពួកគេ ស្ថិតក្រោមការ វាយប្រហារ ។

នៅទីក្រុង គៀវ ការខូចខាត ពីការវាយប្រហារត្រូវបាន គេរាយការណ៍នៅជិតទីស្នាក់ការ កណ្តាលនៃសេវាសន្តិសុខ អ៊ុយក្រែន (SBU) ដែលមានទីតាំងនៅតំបន់ រដ្ឋាភិបាលក្នុងរដ្ឋធានី ។ មន្ត្រីក្រុងបានបញ្ឈប់ប្រតិបត្តិការ នៃប្រព័ន្ធរថភ្លើងក្រោមដី ហើយស្ថានីយ៍នានា ឥឡូវនេះត្រូវបានប្រើប្រាស់ ជាជម្រកសម្រាប់ ជនស៊ីវិល៕

To Top