ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន បាញ់ផ្លោងទៅលើ ឃ្លាំងស្តុកអាវុធ របស់រុស្ស៊ី នៅតំបន់ Belgorod

បរទេស៖ អភិបាលខេត្តរបស់រុស្ស៊ី គឺលោក Vyacheslav Gladkov បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា យោធាអ៊ុយក្រែនបានបាញ់ផ្លោងទៅលើ ឃ្លាំងផ្ទុកអាវុធមួយកន្លែង នៅក្នុងតំបន់ Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អភិបាលរូបនេះបានបន្ថែមថា ការវាយប្រហារនេះបានបង្កឱ្យ មានភ្លើងឆេះយ៉ាងខ្លាំង នៅដេប៉ូដែលជំរុញឱ្យមានការផ្ទុះគ្រាប់បែកបន្ទាប់បន្សំថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Gladkov បាននិយាយថា ការបាញ់ផ្លោងបានជំរុញឱ្យមានការជម្លៀសមនុស្សចេញពីភូមិក្បែរនោះ ដោយបន្ថែមថា សេវាសង្គ្រោះបន្ទាន់ និងមន្ត្រីក្នុងតំបន់ត្រូវបានបញ្ជូន ទៅកាន់កន្លែងកើតហេតុ។ តាមព័ត៌មានបឋមបានឲ្យដឹងថា ការវាយប្រហារនេះមិនបណ្ដាលឲ្យ មានមនុស្សស្លាប់ ឬរបួសឡើយ។

ខ្សែវីដេអូដែលផ្សព្វផ្សាយ តាមអ៊ីនធឺណិត បង្ហាញពីអគ្គីភ័យដ៏ធំ ជាមួយនឹងការផ្ទុះដែលបានឮនៅផ្ទៃខាងក្រោយ។ ភ្លើងបានបញ្ចេញផ្សែងយ៉ាងសន្ធោសន្ធៅ ទៅលើផ្ទៃមេឃខាងលើឃ្លាំង ដែលត្រូវបានបំផ្លាញ។

នៅព្រឹកព្រលឹមថ្ងៃដដែល អគារលំនៅដ្ឋានមួយត្រូវបានខូចខាត អំឡុងពេលការបាញ់ផ្លោងរបស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod ខ្លួនឯង។ វត្ថុដែលគេស្គាល់អត្តសញ្ញាណ ដែលគេជឿថាជាកំទេចកំទីនៃ កាំជ្រួចមីស៊ីល ឬដ្រូនរបស់អ៊ុយក្រែន ដែលត្រូវបានស្ទាក់ចាប់ដោយ ប្រព័ន្ធការពារដែនអាកាស រុស្ស៊ី បានធ្លាក់ចូលទៅក្នុងអគារ ធ្វើឱ្យខូចខាតដំបូល និងជាន់ខាងលើ៕

ប្រែសម្រួលៈ ណៃ តុលា

To Top