ព័ត៌មានអន្តរជាតិ

មេដឹកនាំ APEC ចេញសេចក្តីថ្លែងការណ៍ កិច្ចប្រជុំកំពូល ទោះបីជាមានការប្រេះឆា លើបញ្ហាសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន

បាងកក ៖ ប្រភពការទូតបានឲ្យដឹងថា មេដឹកនាំ នៃប្រទេសទាំង២១ នៃសេដ្ឋកិច្ចប៉ាស៊ីហ្វិករីម បានចេញសេចក្តីប្រកាសមួយ បន្ទាប់ពីការបញ្ចប់ នៃកិច្ចប្រជុំកំពូលរបស់ពួកគេនៅថ្ងៃសៅរ៍នេះ បើទោះបីជាមានការប្រេះឆាជុំវិញ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនក៏ដោយ។

ប្រភពបានឲ្យដឹងថា សេចក្តីប្រកាស ដែលបានចេញ បន្ទាប់ពីកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក រយៈពេលពីរថ្ងៃនៅទីក្រុងបាងកក មានទស្សនៈប្រឆាំង ចំពោះការឈ្លានពាន របស់ទីក្រុងម៉ូស្គូ។

ខណៈដែលសហរដ្ឋអាមេរិក ជប៉ុន និងសមាជិក APEC ផ្សេងទៀតបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី សេដ្ឋកិច្ចមួយចំនួនផ្សេងទៀត ដូចជាប្រទេសចិន បានជ្រើសរើសមិនធ្វើទាំងអស់។

សេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រដោយរដ្ឋមន្ត្រី APEC បានឲ្យដឹងថា សមាជិកភាគច្រើនបានថ្កោលទោស យ៉ាងខ្លាំងចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែក៏បានឲ្យដឹងថា “មានទស្សនៈផ្សេងទៀត និងការវាយតម្លៃផ្សេងៗគ្នាអំពីស្ថានភាព និងការដាក់ទណ្ឌកម្ម” ។

យោងតាមប្រភព បានឱ្យដឹងថា នៅថ្ងៃសៅរ៍ នេះ មេដឹកនាំ APEC បានអនុម័តនូវអ្វីដែលហៅថា គោលដៅទីក្រុងបាងកក សម្រាប់គោលគំនិត សេដ្ឋកិច្ចជីវ-រង្វង់-បៃតង ដែលជាយុទ្ធសាស្ត្រកំណើនក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានបំណងដោះស្រាយបញ្ហាបរិស្ថាន និងអាកាសធាតុ។

សេដ្ឋកិច្ចទាំងអស់បានឯកភាព លើគោលដៅទីក្រុងបាងកក សំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើកកម្ពស់ការប្រើប្រាស់ ធនធានឱ្យបានត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅថ្ងៃសៅរ៍នេះផងដែរ មេដឹកនាំបានរកឃើញចំណុចរួមលើការ លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគដោយសេរី និងយុត្តិធម៌ ដែលជាចំណុចស្នូល នៃថ្ងៃចុងក្រោយនៃការពិភាក្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top