ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមួយគ្រឿង ត្រូវបានបំផ្លាញ នៅក្នុងតំបន់គ្រីមៀ ខណៈការបាញ់ផ្លោង ពីទាហានអ៊ុយក្រែន លើតំបន់ Donetsk នៅតែបន្ត

បរទេស៖ អភិបាលតំបន់គឺលោក Mikhail Razvozhayev បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមួយគ្រឿង ត្រូវបានបំផ្លាញនៅជិតទីក្រុង Sevastopol ក្នុងតំបន់គ្រីមៀ។ សេចក្តីថ្លែងការណ៍របស់លោកធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីការបន្តបាញ់ផ្លោងលើក្រុងនានាក្នុងទីក្រុង Donbass ដោយទាហានអ៊ុយក្រែន ហើយនៅមុននេះ ទីក្រុងគៀវបានច្រានចោលសំណើរបស់ទីក្រុងមូស្គូសម្រាប់បទឈប់បាញ់បណ្តោះអាសន្នក្នុងអំឡុងពិធីបុណ្យ Orthodox Christmas។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅលើបណ្តាញ Telegram របស់ខ្លួន លោក Razvozhayev បានចោទរដ្ឋាភិបាលទីក្រុងគៀវ ពីការព្យាយាមវាយប្រហារទីក្រុងរបស់លោក គឺទីក្រុងកំពង់ផែ Sevastopol មានកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីតាំងនៅ។

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា តំបន់ជាច្រើននៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) របស់រុស្ស៊ីត្រូវបានវាយប្រហារដោយការបាញ់រ៉ុក្កែត និងកាំភ្លើងធំរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ។ ពួកគេបានបន្ថែមថា គ្រាប់ផ្លោងជាង ១០០គ្រាប់ត្រូវបានបាញ់ពេញមួយថ្ងៃ។

ក្រុមមន្ត្រីបាននិយាយថា ការបាញ់ផ្លោងបានបន្តនៅព្រឹកថ្ងៃសៅរ៍ ចំណែកនៅទីក្រុង Gorlovka ដែលស្ថិតនៅភាគឦសាននៃតំបន់ Donetsk គឺមាន ស្ត្រីម្នាក់បានរងរបួស ហើយអគារផ្ទះល្វែងចំនួនពីរត្រូវបានខូចខាត។ ផ្ទះបីខ្នងបានរងការខូចខាតនៅភូមិ Golmovsky ព្រមទាំងខ្សែថាមពល និងបំពង់បង្ហូរឧស្ម័ន ក៏បានរងការខូចខាតផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top