ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវបានគេព្យាករណ៍ថា នឹងដណ្ដើមបានឧបទ្វីបគ្រីមៀមកវិញ នៅត្រឹមចុងខែសីហា

វ៉ាស៊ីនតោន៖ ឧត្តមសេនីយទោ Ben Hodges ដែលចូលនិវត្តន៍របស់កងទ័ពសហរដ្ឋអាមេរិក បានព្យាករណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងកាន់កាប់តំបន់គ្រីមេឡើងវិញ នៅចុងខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់គាត់នៅលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះ យ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមបានលាតត្រដាងភាពទន់ខ្សោយ នៅក្នុងជួរយោធារបស់មេដឹកនាំរុស្ស៊ី ដូចជាការលំបាករបស់ខ្លួន ក្នុងការរក្សាកងទ័ព ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ។

បញ្ហាប្រឈមទាំងនេះ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែង ការពារដ៏ខ្លាំងក្លារបស់អ៊ុយក្រែន ដែលគាំទ្រដោយជំនួយយោធាលោកខាងលិច បានអនុញ្ញាតឱ្យអ៊ុយក្រែន ដណ្តើមយកទឹកដី ដែលធ្លាប់កាន់កាប់រាប់ពាន់ម៉ាយ ពីអតីតកាល និងបង្វែរជំនោរ នៃសង្រ្គាមមកវិញ។

នៅពេលដែលសង្រ្គាម កាន់តែខិតជិតដល់ឆ្នាំដំបូងរបស់ខ្លួន ដោយសន្សឹមៗ ដោយគ្មានសញ្ញានៃការថមថយនោះ លោក Hodges បានព្យាករណ៍នៅលើបណ្ដាញ Twitter ថា អ៊ុយក្រែន នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ក្នុងការដណ្តើមកាន់កាប់តំបន់គ្រីមៀមកវិញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top