ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ទៅលើការបញ្ជូនរថពាសដែក ទៅកាន់អ៊ុយក្រែន

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះប្រទេសកូរ៉េខាងជើង បានរិះគន់ជាលើកទី២ ទៅលើការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថពាសដែក ទៅកាន់ប្រទេសអ៊ុយក្រែន ដោយហៅវាថា ជា “អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍ អន្តរជាតិមិនមានស្ថិរភាព ។

លោក Kwon Chung-keun នាយកកិច្ចការអាមេរិក នៅក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោន ដែលថា កូរ៉េខាងជើងបានផ្តល់អាវុធដល់ប្រទេសរុស្ស៊ី គឺជាកិច្ចខិតខំប្រឹងប្រែង “គ្មានមូលដ្ឋាន”” ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃជំនួយយោធារបស់ខ្លួន ដល់ប្រទេសអ៊ុយក្រែន ។ ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយដូច្នេះ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការវាយលុកឧបករណ៍ប្រដាប់អាវុធដូចជា រថពាសដែកសំខាន់ចូលទៅក្នុងអ៊ុយក្រែន ដោយមិនអើពើ នឹងការព្រួយបារម្ភស្របច្បាប់ ងការថ្កោលទោស របស់សហគមន៍អន្តរជាតិ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិដែលមានគោលបំណង ធ្វើឱ្យស្ថានភាពអន្តរជាតិមិនស្ថិរភាព

លោក Kwon បានថ្លែងទៀតថា ការអះអាងដោយគ្មានមូលដ្ឋាន នៃកិច្ចព្រមព្រៀងអាវុធកូរ៉េខាងជើង និងរុស្ស៊ី គឺជា “មិនអាចទទួលយកបាន និងជាការញុះញង់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវតែឆ្លើយតប” ។

ទីភ្នាក់ងារ KCNA រាយការណ៍ថា កាលពីថ្ងៃសៅរ៍ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺលោកស្រី Kim Yo Jong បានបរិហារការសន្យារបស់សហរដ្ឋអាមេរិក ចំពោះរថពាសដែកប្រយុទ្ធដល់អ៊ុយក្រែន ដោយអះអាងថាក្រុងវ៉ាស៊ីនតោនកំពុង “ឆ្លងកាត់ខ្សែបន្ទាត់ក្រហមបន្ថែមទៀត” ដើម្បីឈ្នះអនុត្តរភាពដោយសង្គ្រាម ។

ប្រទេសកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់បង្ហោះមីស៊ីលចំនួនមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ (ICBMs) ដែលមានសមត្ថភាពទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ។ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ក៏បានព្រមានថា កូរ៉េខាងជើងអាចនឹងរៀបចំ សម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top