គៀវ៖ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាល បានរាយការណ៍ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោក កំពុងស្វែងរកការធ្វើ សមាហរណកម្មស៊ីជម្រៅ ទៅក្នុងទីផ្សារថាមពលអឺរ៉ុប។
លោក Shmyhal បានឲ្យដឹងក្នុងអំឡុង កិច្ចប្រជុំជាមួយគណៈប្រតិភូ មកពីលេខាធិការដ្ឋានសហគមន៍ថាមពល ដែលដឹកនាំដោយនាយក Artur Lorkowski ថា “យើងប្តេជ្ញាក្នុងការពន្លឿន ការធ្វើសមាហរណកម្មសហភាពអឺរ៉ុប និងទីផ្សារ ថាមពលអ៊ុយក្រែន” ។
លោក Shmyhal បានបន្ដថា ការចូលរួមក្នុងបណ្តាញប្រតិបត្តិករ ប្រព័ន្ធបញ្ជូនអគ្គិសនីអឺរ៉ុប (ENTSO-E) ជួយអ៊ុយក្រែនគាំទ្រសន្តិសុខថាមពលរបស់ខ្លួន ចំពេលមានការ វាយប្រហាររបស់រុស្ស៊ី។
លោក Shmyhal និងលោក Lorkowski បានពិភាក្សាអំពីជំហាន ដើម្បីធ្វើសមកាលកម្មបន្ថែមទៀត នៃប្រព័ន្ធថាមពលរបស់អ៊ុយក្រែន និងសហភាពអឺរ៉ុប និងវិធីដើម្បីបង្កើនសមត្ថភាពនាំចេញ និងនាំចូលអគ្គិសនី។
ក្រៅពីនេះ រដ្ឋាភិបាល អ៊ុយក្រែន និងលេខាធិការដ្ឋាន សហគមន៍ថាមពលបាន ចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការកសាងឡើងវិញ នូវវិស័យថាមពល របស់អ៊ុយក្រែន ។ សហគមន៍ថាមពល គឺជាអង្គការអន្តរជាតិ ដែលប្រមូលផ្តុំសហភាពអឺរ៉ុប និងប្រទេសជិតខាងរបស់ខ្លួន ដើម្បីបង្កើតទីផ្សារ ថាមពលចម្រុះ-អឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា