គៀវ៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រកាសថា ប្រទេសប៉ូឡូញនឹងបញ្ជូន យន្តហោះចម្បាំងធុន MiG-29 ផលិតដោយសូវៀត ចំនួន ៤គ្រឿងរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Duda បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Warsaw នៅថ្ងៃព្រហស្បតិ៍នេះថា “ជាដំបូង ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ យើងនឹងប្រគល់ឱ្យ តាមដែលខ្ញុំចាំបាន គឺយន្តហោះចម្បាំងចំនួន ៤គ្រឿងទៅឱ្យអ៊ុយក្រែន តាមលំដាប់លំដោយ ហើយនៅសល់កំពុងត្រូវបានរៀបចំ សេវាកម្ម”។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ប្រទេសរបស់លោក អាចនឹងផ្តល់យន្តហោះដល់ទីក្រុងគៀវ “ក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ខាងមុខនេះ” ។
លោក Duda បានប្រាប់ CNN កាលពីសប្តាហ៍មុនថា ប្រទេសប៉ូឡូញ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ឱ្យទីក្រុងគៀវ នូវយន្តហោះចម្បាំងធុន MiG-29 ដោយបន្ថែមថា អ្នកបើកយន្តហោះអ៊ុយក្រែននឹង “ត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ យន្តហោះទាំងនោះភ្លាមៗ”។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានស្នើសុំប្រទេសលោកខាងលិច អស់ជាច្រើនខែមកហើយ សម្រាប់យន្តហោះចម្បាំងដើម្បីជួយក្នុងសង្គ្រាម ដែលបានចាប់ផ្តើមនៅពេល ដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឈ្លានពានប្រទេស របស់លោកកាលពីខែកុម្ភៈមុន។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានច្រានចោលការបញ្ជូនយន្តហោះចម្បាំង ទំនើបៗទៅកាន់អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា