បរទេស៖ លោក Tian Junli អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន (PLA) ប្រចាំនៅទីបញ្ជាការ Southern Theater បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នាវាពិឃាតផ្ទុកមីស៊ីល USS Milius បានចូលដែនទឹកនៃប្រជុំកោះ Paracel ដែលមានជម្លោះ ឬហៅម្យ៉ាងទៀតថា ប្រជុំកោះ Xisha ក្នុងសមុទ្រចិនខាងត្បូង ដោយមិនជូនដំណឹងដល់ប្រទេសចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tian បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ WeChat ថា “នាវាពិឃាតផ្ទុកមីស៊ីល របស់សហរដ្ឋអាមេរិក USS Milius បានចូលដែនទឹកនៃកោះ Xisha របស់ចិនដោយខុសច្បាប់កាលពីថ្ងៃទី ២៣ ខែមីនា ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ដោយហេតុនេះធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង” ។
អ្នកនាំពាក្យបានបន្ថែមថា ក្រុមកងទ័ពជើងទឹករបស់ PLA នៃបញ្ជាការ Southern Theater បានបើកអមនាវាអាមេរិក ហើយបានព្រមាននាវានោះ ឱ្យចាកចេញពីតំបន់នោះ។

លោក Tian ក៏បានកត់សម្គាល់ផងដែរថា កងទ័ពនៃបញ្ជាការ Southern Theater នឹងបន្តរក្សាកម្រិតខ្ពស់នៃការត្រៀមខ្លួនប្រយុទ្ធ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិយ៉ាងម៉ឺងម៉ាត់ ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលក្រុងប៉េកាំង បាននឹងកំពុងមានជម្លោះកម្មសិទ្ធិលើកោះ ដែលសម្បូរទៅដោយអ៊ីដ្រូកាបូនជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូង ជាមួយបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយចំនួន។ ដែនដីទាំងនោះរួមមានប្រជុំកោះ Paracel ប្រជុំកោះ Spratly និង Scarborough Shoal ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
