ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ច្រានចោលការអន្តរាគមន៍ របស់អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ដែលបានរៀបចំ

ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងមិនទទួលយកអន្តរាគមន៍របស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ដែលបានរៀបចំនោះទេ ដោយលោកកត់សម្គាល់ថា ប្រទេសរបស់លោកមានសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងវាដោយខ្លួនឯង។

នៅក្នុងសុន្ទរកថាមួយនៅឯខួបលើកទី១០៩ នៃការការពារកំពង់ផែ Veracruz ប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩១៤ លោក Lopez Obrador បានលើកឡើងពីកំពង់ផែ Veracruz ថា យើងនិយាយហើយអនុញ្ញាតឱ្យវា ឮយ៉ាងច្បាស់ថា យើងមិនទទួលយកអន្តរាគមន៍ណាមួយនោះទេ”។

ការកត់សម្គាល់របស់ប្រធានាធិបតីរូបនេះ បានកើតឡើងចំពេលមានគំនិតផ្តួចផ្តើមមួយ ដែលស្នើឡើងដោយសមាជិកសភាសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដែលពួកគេចាត់ទុកថាជា “ភេរវករ” នៅលើទឹកដីម៉ិកស៊ិក។

លោកបានសង្កត់ធ្ងន់ថា “យើងមិនចង់បានអន្តរាគមន៍នោះទេ យើងមិនចង់បានជំនួយពីនរណាម្នាក់ឡើយ វាធ្វើឱ្យយើងខាតបង់ច្រើនក្នុងការអះអាងអំពីអធិបតេយ្យភាពរបស់យើង ទាំងនេះគឺជាបញ្ហាដែលទាក់ទង តែជនជាតិម៉ិកស៊ិកប៉ុណ្ណោះ” ។

លោក Lopez Obrador បានបន្ថែមថា រដ្ឋាភិបាលរបស់លោក កំពុងស្វែងរក “កិច្ចសហប្រតិបត្តិការ និងមិនស្ថិតនៅក្រោមការសម្របសម្រួល” ជាពិសេសទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់នៃសារធាតុ fentanyl ដែលត្រូវបានប្រើប្រាស់ក្នុងអត្រាខ្ពស់នៅក្នុងសហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top