ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសរុស្ស៊ី អះអាងថា G7 ក្លាយជាអ្នកបង្កើតគំនិត ផ្តួចផ្តើមបំផ្លិចបំផ្លាញ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា បានបង្ហាញថា សម្ព័ន្ធភាពបានធ្លាក់ចុះយ៉ាងខ្លាំង ដែលមិនអាចត្រឡប់វិញបាន ហើយបានប្រែក្លាយទៅជា “អ្នកបង្កើតគំនិតផ្តួចផ្តើមបំផ្លិចបំផ្លាញ” នៅលើពិភពលោក។

ក្រសួងបានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំ G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជាសំណុំនៃសេចក្តីថ្លែងការណ៍ដែលពោរពេញទៅដោយ “ផ្លូវអាក្រក់” ដែលសំដៅប្រឆាំងនឹងប្រទេសចិន និងរុស្ស៊ី ខណៈដែលសមាជិក G7 បានព្យាយាមរារាំងរដ្ឋមិនមែនលោកខាងលិចពីការអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

ប្រភពបានបន្ថែមថា G7 បានប្រែទៅជាកន្លែងភ្ញាស់ ដែលគំនិតផ្តួចផ្តើមបំផ្លិចបំផ្លាញ ដែលបំផ្លាញស្ថិរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការប៉ុនប៉ងរបស់ប្រទេស G7 ដើម្បីបង្ហាញខ្លួនឯងថាជាអ្នកតស៊ូមតិផ្នែកច្បាប់ និងយុត្តិធម៌ក្នុងកិច្ចការអន្តរជាតិ គឺជាការចំអកនៃប្រវត្តិសាស្ត្រ និងសុភវិនិច្ឆ័យ។ លើសពីនេះ វាគឺជាភស្តុតាងដែលថា G7 គឺជាកត្តាចម្បង ដែលធ្វើឱ្យបញ្ហាសកលកាន់តែធ្ងន់ធ្ងរឡើង។

ក្រសួងការបរទេសរុស្ស៊ីបានបន្ថែមថា ច្បាប់ដែលគាំទ្រដោយសម្ព័ន្ធភាពបម្រើតែផលប្រយោជន៍របស់ពួកគេប៉ុណ្ណោះ។ ហើយប្លុក G7 ក៏វាយប្រហារលើគោលនយោបាយឯករាជ្យនៃប្រទេស ដែលមិនមែនជាសមាជិកតាមរយៈការបង្ខិតបង្ខំសេដ្ឋកិច្ច និងការឈ្លានពានព័ត៌មាន។

ក្រសួងបានឲ្យដឹងទៀតថា ប្រទេស G7 មិនអាចតំណាងឱ្យផលប្រយោជន៍នៃតំបន់ផ្សេងទៀត ជាពិសេសអាស៊ីប៉ាស៊ីហ្វិក អាស៊ីខាងត្បូង មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន។

ប្រភពបានបញ្ជាក់ថា “ប្រទេស G7 នីមួយៗមានអំនួតអំពីកេរ្តិ៍ឈ្មោះរបស់ខ្លួន សម្រាប់ការការពារតម្លៃលទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ មិនមែនសមាជិកតែមួយនៃក្លឹបនេះអាចអួតពីកេរ្តិ៍ឈ្មោះស្អាតស្អំក្នុងលក្ខខណ្ឌនៃការគោរពសិទ្ធិ និងសេរីភាពអន្តរជាតិនោះទេ។ ប្រវត្តិសាស្រ្តនៃរដ្ឋទាំងអស់នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការ​គាប​សង្កត់ និង​រំលោភ​សិទ្ធិ​អ្នក​ដទៃ”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដោយកត់សម្គាល់ថាការអំពាវនាវរបស់ប្រទេសសមាជិក G7 ក្នុងការដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី គឺមិនអាចទទួលយកបាននោះទេ ការគំរាមកំហែងពិតប្រាកដកើតឡើងពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងរដ្ឋធានីផ្សេងទៀតនៃសមូហភាពលោកខាងលិច៕ប្រែសម្រួល ឈូក បូរ៉ា

To Top