ព័ត៌មានអន្តរជាតិ

ជប៉ុន ព្រមានបាញ់កម្ទេចរាល់មីស៊ីលរបស់កូរ៉េខាងជើង ដែលរំលោភលើទឹកដីរបស់ខ្លួន

បរទេស៖ ទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ទីក្រុងតូក្យូអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី ដែលជាផ្នែកមួយនៃកម្មវិធីអវកាសរបស់កូរ៉េខាងជើង ដោយកំណត់ការបាញ់បង្ហោះចន្លោះពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា។ នេះបើតាមឆ្មាំសមុទ្រជប៉ុនបានថ្លែងកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិជប៉ុនបានប្រកាសថា រាល់មីស៊ីលរបស់កូរ៉េខាងជើងដែលរំលោភលើទឹកដីរបស់ប្រទេសនឹងត្រូវបំផ្លាញចោល។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុន អំពីការបាញ់បង្ហោះដែលបានគ្រោងទុកទៅកាន់គន្លងតារារណបរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រសួងការពារជាតិជប៉ុនបាននិយាយថា “យើងនឹងចាត់វិធានការបំផ្លិចបំផ្លាញប្រឆាំងនឹងគ្រាប់ផ្លោង និងមីស៊ីលផ្សេងទៀតដែលត្រូវបានបញ្ជាក់ថា នឹងធ្លាក់ចូលក្នុងទឹកដីរបស់យើង”។

ក្រសួងបានបន្ថែមថា ខ្លួនកំពុងរៀបចំប្រើប្រាស់មីស៊ីល Standard Missile-3 (SM-3) ឬ Patriot Missile PAC-3 ក្នុងគោលបំណងបំផ្លាញនេះ។ ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា ពេលវេលាបាញ់បង្ហោះគឺនៅចន្លោះថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា ៕ប្រែសម្រួលៈ ណៃ តុលា

To Top