ព័ត៌មានអន្តរជាតិ

ករណីលិចទូកទេសចរណ៍ នៅអ៊ីតាលី ព័ត៌មានបឋមថា ស្លាប់៤នាក់

អ៊ីតាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថា មនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីទូកមួយដឹកអ្នកដំណើរជាង២០នាក់រួមទាំងអ្នកទេសចរបានលិចចូលទឹកនៅគ្រាដែលមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃបឹង Maggiore ភាគខាងជើងនៃប្រទេសអ៊ីតាលី ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានឲ្យដឹងថា ទូកបានក្រឡាប់កាលពីល្ងាចថ្ងៃអាទិត្យស្ថិតនៅចន្លោះទីក្រុង Sesto Calende និង ក្រុង Arona ។

មនុស្ស៥នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវបានគេជួយសង្គ្រោះទាន់ពេល ។

របាយការណ៍មិនបានបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានផ្សាយថា មានអ្នកដំណើរដែលនៅលើទូកនោះរួមមានជនជាតិអង់គ្លេស អ៊ីតាលី និងអ៊ីស្រាអ៊ែល ។

លោក Attilio Fontana ប្រធានតំបន់ Lombardy បានឲ្យដឹងថា “ឧបទ្ទវហេតុធ្ងន់ធ្ងរណាស់” គឺដោយសារតែអាកាសធាតុអាក្រក់ ។

លោកបានលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេកប៊ុក ថា ទូកនេះមានប្រវែង១៦ម៉ែត្រហើយត្រូវបានជួលដោយអ្នកទេសចរដើម្បីជិះកម្សាន្ត ។

យោងតាមសារព័ត៌មានអ៊ីតាលី ទូកនេះបានដឹកមនុស្សប្រហែល២៥នាក់ ដែលកំពុងប្រារព្ធពិធីខួបកំណើត នៅគ្រាដែលមានខ្យល់ព្យុះបក់បោកលើផ្ទៃបឹង ក្រោយមកបានប្រែទៅជា “ខ្យល់ព្យុះតូច”វិញ ។ ទូកបានក្រឡាប់ ហើយបានលិចចូលក្នុងទឹកនៅពេលបន្តិចក្រោយមក ។

មនុស្សគ្រប់គ្នានៅលើទូកនោះបានធ្លាក់ចូលទៅក្នុងទឹក ប៉ុន្តែអ្នកដំណើរជាច្រើននាក់បានហែលចូលច្រាំង ឬត្រូវបានជួយសង្គ្រោះដោយទូកផ្សេងទៀត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top