ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ៩ខែមកនេះ មីយ៉ាន់ម៉ា បាននាំចេញពោតប្រមាណជិត ១,៧លានតោន

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ សមាគមអ្នកជំនួញគ្រាប់ធញ្ញជាតិមីយ៉ាន់ម៉ា ហៅកាត់ថា (MPBMSMA) បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានធ្វើការនាំចេញពោតជិត ១,៧លានតោនក្នុងរយៈពេល៩ខែ គឺនៅចន្លោះខែកញ្ញាឆ្នាំមុន និងខែឧសភាក្នុងឆ្នាំនេះ ។

រដូវកាលនៃការប្រមូលផលពោតឆ្នាំ២០២២ របស់ប្រទេសនេះបានចាប់ផ្តើមនៅក្នុងខែកញ្ញាឆ្នាំមុន ។ ក្នុងរយៈពេល៩ខែ ប្រទេសមីយ៉ាន់ម៉ាបាននាំចេញ ពោតជាង១លានតោនតាមច្រកសមុទ្រ ខណៈដែលប្រទេសនេះ បាននាំចេញជិត៦០០.០០០ តោនទៅកាន់ប្រទេសថៃឡង់ដ៏ និងប្រហែល៥០.០០០តោនទៅកាន់ប្រទេសចិន តាមព្រំដែនគោក ។

សមាគមឧស្សាហកម្មពោតមីយ៉ាន់ម៉ា បានឲ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកំណត់ គោលដៅនាំចេញពោតជាង២លានតោនក្នុង ឆ្នាំសារពើពន្ធឆ្នាំ២០២៣-២០២៤  ។ 

ប្រទេសមីយ៉ាន់ម៉ា បានធ្វើការនាំចេញពោតទៅកាន់ប្រទេសមួយចំនួនដូចជា ថៃឡង់ដ៏ វៀតណាម ចិន ហ្វីលីពីន និងម៉ាឡេស៊ី ផងដែរ ។

ប្រទេសមីយ៉ាន់ម៉ា មានផ្ទៃដីជាង២លានហិកតាត្រូវបានប្រើប្រាស់សម្រាប់ដាំដុះដំណាំពោត ហើយជារៀងរាល់ឆ្នាំប្រទេសនេះផលិតពោតបានចំនួន៣,២លានតោន ។ ពោតប្រមាណ៧០ភាគ រយត្រូវបានគេដាំដុះនៅក្នុងរដូវវស្សា និងនៅសល់៣០ភាគរយទៀត ត្រូវបានគេដាំដុះនៅរដូវរងាវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top