គៀវ៖ ការកើនឡើងនៃប្រតិបត្តិការយោធាអ៊ុយក្រែន ការវាយឆ្មក់ឆ្លងព្រំដែនដោយយន្តហោះដ្រូន និងក្រុមប្រដាប់អាវុធ និងអាថ៌កំបាំងអំពីអ្នក ដែលបានបំផ្ទុះទំនប់ទឹកដែលជន់លិចដី ជាច្រើន នៅតាមដងទន្លេ Dnipro។ ព្រឹត្តិការណ៍កំពុងដំណើរការ យ៉ាងលឿន នៅក្នុងសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលឥឡូវនេះនៅក្នុងសប្តាហ៍ទី៦៧ របស់ខ្លួន។
មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោក Oleksandr Syrskyi បានឲ្យដឹងថា ទាហានរបស់លោក កំពុងរុលទៅមុខនៅទីក្រុង បាក់មុត កាលពីថ្ងៃចន្ទ បន្ទាប់ពីស្ងប់ស្ងាត់ ២ ទៅ ៣ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បានបញ្ជាក់នៅលើ Telegram ឲ្យដឹងថា “ទិសដៅទីក្រុងបាក់មុត នៅតែជាចំណុចកណ្តាលនៃអរិភាពនៃការវាយបក ដោយបញ្ជាក់ថា នៅទីនោះ ពួកយើងកំពុងធ្វើដំណើរតាមជួរមុខ ដ៏ធំទូលាយមួយ” ។
លោកស្រី Maliar បានលើកឡើងថា កងទ័ពអ៊ុយក្រែ នបានឈានទៅដល់ចម្ងាយ ១៦០០ម៉ែត្រ (៥២៥០ ហ្វីត) ភាគខាងជើងនៃទីក្រុងបាក់មុត និងរហូតដល់ ៧០០ម៉ែត្រ (២៣០០ ហ្វីត) ទៅភាគខាងត្បូងនៅក្នុងសមយុទ្ធមួយនៅខាងមុខ។
រុស្ស៊ីបានទាមទារយកជ័យជម្នះនៅទីក្រុងបាក់មុត នៅថ្ងៃទី២១ ខែឧសភា ហើយ ៩ថ្ងៃក្រោយមក អ៊ុយក្រែនបានទទួលស្គាល់ថា ទីក្រុងនេះស្ថិតក្នុងដៃរបស់រុស្ស៊ី បន្ទាប់ពីសង្គ្រាមបង្ហូរឈាមអស់រយៈពេល ១០ខែ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានចាប់ផ្តើម “ការវាយលុកទ្រង់ទ្រាយធំ” នៅទូទាំងផ្នែកចំនួនប្រាំនៃរណសិរ្សភាគខាងកើត។ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានលើកឡើងថា កងកម្លាំងរុស្ស៊ី បានវាយលុករាល់ការវាយប្រហារ និងបានសម្លាប់ទាហានអ៊ុយក្រែន ៣១៧៥ នាក់ក្នុងរយៈពេល ៣ថ្ងៃ។
វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុង វ៉ាស៊ីនតោន បានឲ្យដឹងថា “ប្រភពរុស្ស៊ី ពីមុនបានព្យាយាមលាបពណ៌សកម្មភាពវាយលុករបស់អ៊ុយក្រែនជាការបរាជ័យភ្លាមៗ ហើយប្រភពរុស្ស៊ី ទំនងជាព្យាយាមធ្វើដូចគ្នា ជាមួយនឹងអ្វីដែលពួកគេចាត់ទុកថា ជាការចាប់ផ្តើមនៃការវាយលុករបស់អ៊ុយក្រែន ដែលបានប្រកាស” ។
អ៊ុយក្រែន មិនបានប្រកាសពីការវាយបករបស់ខ្លួន បានចាប់ផ្តើមនោះទេ ប៉ុន្តែលោកស្រី Maliar បានបង្ហោះវីដេអូមួយនៅលើប៉ុស្តិ៍ Telegram របស់លោកកាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីទាហានអ៊ុយក្រែនកាន់ម្រាមដៃប៉ះបបូរមាត់របស់ពួកគេ។ ចំណងជើងរបស់នាងសរសេរថា “ផែនការស្រឡាញ់ភាពស្ងៀមស្ងាត់។ វានឹងមិនមានការប្រកាសពីការចាប់ផ្តើមនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា