ព័ត៌មានអន្តរជាតិ

កាណាដា ប្រកាសផ្អាក ការផ្សាយពាណិជ្ជកម្ម នៅលើទំព័រ Facebook ជុំវិញ​ច្បាប់ព័ត៌មានអនឡាញ

ប្រភព ៖AFP

អូតាវ៉ា ៖ រដ្ឋាភិបាលសហព័ន្ធកាណាដា បានប្រកាស​ថា ខ្លួនបានសម្រេចចិត្តផ្អាកការ ផ្សាយពាណិជ្ជកម្មទាំងអស់របស់ខ្លួន នៅលើទំព័រ Facebook និង Instagram ខណៈដែលខ្លួនកំពុងប្រយុទ្ធ ជាមួយវេទិកាបច្ចេកវិទ្យា Meta និង Google ជុំវិញច្បាប់ព័ត៌មានអនឡាញ ។

រដ្ឋមន្ត្រីបេតិកភណ្ឌ Pablo Rodriguez បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលសហព័ន្ធ មិនអាចបន្តបង់ប្រាក់ដុល្លារ ផ្សាយពាណិជ្ជកម្ម ទៅក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេ ដែលគ្រប់គ្រង Facebook និង Instagram បាននោះទេ ខណៈដែលពួកគេបដិសេធមិនផ្តល់ចំណែកយុត្តិធម៌​ ដល់ស្ថាប័នព័ត៌មានកាណាដា ។

ច្បាប់ស្តីពីព័ត៌មានអនឡាញ របស់រដ្ឋាភិបាលសហព័ន្ធ ឬ Bill C-18 បានទទួលការយល់ព្រមពីព្រះមហាក្សត្រ នៅថ្ងៃទី២២ ខែកក្កដា ហើយនឹងចូលជាធរមាន នៅចុងឆ្នាំ២០២៣។ ច្បាប់តម្រូវឱ្យប្រើវេទិកាបច្ចេកវិទ្យា ដើម្បីចរចាជាមួយស្ថាប័នព័ត៌មាន កាណាដា ដើម្បីផ្តល់សំណងសមរម្យ សម្រាប់ការងាររបស់ពួកគេ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta និង Google បានបង្ហាញថា ពួកគេនឹងបិទមាតិកាព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ កាណាដា ជាការឆ្លើយតប ។

លោក Rodriguez បានលើកឡើងថា “Facebook បានសម្រេចចិត្តមិនសមហេតុផល មិនទទួលខុសត្រូវ និងចាប់ផ្តើមទប់ស្កាត់ព័ត៌មាន នេះជាមូលហេតុ ដែលថ្ងៃនេះយើងកំពុងប្រកាសថា រដ្ឋាភិបាលកាណាដា នឹងផ្អាកការផ្សាយពាណិជ្ជកម្មនៅលើ Facebook និង Instagram ។

យោងតាមលោក Rodriguez រដ្ឋាភិបាលសហព័ន្ធកាណាដា បច្ចុប្បន្នចំណាយប្រហែល ១០លានដុល្លារកាណាដា (៧,៥ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ក្នុងការផ្សាយពាណិជ្ជកម្ម នៅលើវេទិកា Meta៕
ប្រែសម្រួល ឈូក បូរ៉ា

To Top