ព័ត៌មានអន្តរជាតិ

មនុស្ស ១៣ នាក់បានស្លាប់ ដោយសារជំងឺកញ្ជ្រឹលនៅប្រទេសស៊ូដង់

រូបភាពពី៖​ XINHUA

ស៊ូដង់ខាងត្បូង ៖ អង្គការសុខភាពក្នុងរដ្ឋ White Nile នៃប្រទេសស៊ូដង់ បាននិយាយថា យ៉ាងហោចណាស់មានកុមារចំនួន ១៣ នាក់បានស្លាប់ក្នុងសប្តាហ៍កន្លងទៅនេះ ដោយសារតែមានការសង្ស័យថាមានការផ្ទុះឡើង នៃជំងឺកញ្ជ្រឹល យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។

មន្ត្រីមួយរូប នៃអង្គការគ្រូពេទ្យគ្មានព្រំដែន ត្រូវស្គាល់ដោយអក្សរកាត់ជាភាសាបារាំងរបស់ខ្លួន MSF បាននិយាយថា ជម្លោះរបស់ប្រទេសស៊ូដង់ និងជិតដល់រដូវវស្សាអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

ចំណែកមន្ត្រីជាមួយអង្គការវេជ្ជសាស្ត្រអន្តរជាតិ MSF និយាយថា ពួកគេនៅតែមានការព្រួយបារម្ភ អំពីការកើនឡើង នៃករណីសង្ស័យថា កើតជំងឺកញ្ជ្រឹលក្នុងចំណោមកុមារនៅរដ្ឋ White Nile របស់ប្រទេសស៊ូដង់។

ថ្លែងទៅកាន់ VOA តាមរយៈកម្មវិធីផ្ញើសារពីទីក្រុងណៃរ៉ូប៊ី លោក Mitchell Sangma ទីប្រឹក្សាសុខភាពរបស់ MSF មានប្រសាសន៍ថា ក្រុមការងារមូលដ្ឋានរបស់ MSF បានចងក្រងឯកសារករណីសង្ស័យ នៃជំងឺកញ្ជ្រឹលជាង ២០០ ករណីក្នុងចំណោមកុមារក្នុងខែចុងក្រោយនេះ។ ក្នុងចំណោមចំនួននោះ ៧២នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ និង ១៣នាក់បានស្លាប់។

លោកបានបន្តថា យើងក៏កំពុងឃើញការកើនឡើងចំនួន នៃការសង្ស័យថា ជំងឺកញ្ជ្រឹលនៅក្នុងគម្រោងផ្សេងទៀតរបស់យើង ដូចជារដ្ឋ Blue Nile ក្នុងប្រទេសស៊ូដង់ ហើយ Renk នៅផ្នែកម្ខាងទៀត នៃព្រំដែនក្នុងប្រទេសស៊ូដង់ខាងត្បូង យើងក៏កំពុងឃើញការកើនឡើង ករណីជំងឺកញ្ជ្រឹលក្នុងមន្ទីរឃុំឃាំងជំងឺកញ្ជ្រឹលរបស់យើងផងដែរ ដូច្នេះស្ថានភាពសម្រាប់ប្រជាជនដែលភៀសខ្លួន ពីជម្លោះគឺមានការព្រួយបារម្ភយ៉ាងខ្លាំង។

មន្ត្រី MSF និយាយថា ជម្លោះជិត ៣ ខែនៅប្រទេសស៊ូដង់ រវាងកងទ័ព និងក្រុមយោធាដែលជាគូប្រជែង បានបង្កើតឲ្យមានតម្រូវការ ផ្នែកវេជ្ជសាស្រ្តដ៏ធំ និងសម្ពាធយ៉ាងខ្លាំង ទៅលើកន្លែងថែទាំសុខភាពនៅទូទាំងប្រទេស។ លោក Sangma បានបន្ថែមថា MSF និងភ្នាក់ងារជំនួយផ្សេងទៀតមានការព្រួយបារម្ភអំពីប្រព័ន្ធសុខភាពដែលដួលរលំ។

មណ្ឌលសុខភាពនៅតែដំណើរការ កំពុងជួបការលំបាកក្នុងការទប់ទល់នឹងការផ្គត់ផ្គង់ និងបុគ្គលិកមានកម្រិត៕ ដោយ៖លី ភីលីព

To Top