បរទេស៖ លោក Yevgeny Prigozhin ដែលជាមេដឹកនាំរបស់ទាហ៊ានស៊ីឈ្នួល Wagner បានសរសើរការធ្វើរដ្ឋប្រហារយោធានៅនីហ្សេ ហើយបានស្នើឱ្យបញ្ជូនអ្នកប្រយុទ្ធរបស់លោកទៅកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ “ដើម្បីជួយស្តារសណ្តាប់ធ្នាប់” ។
យោងតាមសារព័ត៌មានវៀតណាម VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yevgeny Prigozhin បាននិយាយនៅក្នុង ការថតជាសំឡេង ហើយដែលបានបង្ហោះនៅលើប៉ុស្តិ៍តេឡេក្រាមគាំទ្រ Wagner កាលពីល្ងាចថ្ងៃទី ២៧ ខែកក្កដាថា “អ្វីដែលបានកើតឡើងនៅក្នុងប្រទេសនីហ្សេគឺជាការតស៊ូរបស់ប្រជាជននីហ្សេជាមួយពួកអាណានិគម។ អាណានិគមបានព្យាយាមដាក់បទប្បញ្ញត្តិនិងលក្ខខណ្ឌលើជីវិតរបស់ប្រជាជននីហ្សេ ហើយធ្វើឱ្យជនជាតិនីហ្សេរីយ៉ាជាប់គាំងក្នុងស្ថានភាពដូចអឺរ៉ុប អាហ្វ្រិក កាលពីរាប់រយឆ្នាំមុន ។
លោក Prigozhin បានអះអាងថា មិនមានការពាក់ព័ន្ធនឹងរដ្ឋប្រហារនៅប្រទេសនីហ្សេនោះទេ ប៉ុន្តែបានហៅ រដ្ឋប្រហារនេះថា ជាពេលវេលា
“ការរំដោះពីអាណានិគមនិយមលោកខាងលិច ដែលគួរតែកើតឡើងតាំងពីយូរយារណាស់មកហើយ”។ «ឥឡូវនេះពួកគេបានទទួលឯករាជ្យភាពរបស់ពួកគេហើយ។
លោកបានបន្ថែមថា អ្វីដែលនៅសេសសល់គឺអាស្រ័យលើពលរដ្ឋនៃប្រទេសនីហ្សេ និងរបៀបគ្រប់គ្រងប្រទេសប្រកបដោយប្រសិទ្ធភាព ដោយលោកបានណែនាំថា សមាជិក Wagner រាប់ពាន់នាក់អាច ធ្វើដំណើរទៅប្រទេសនីហ្សេ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ និងបំផ្លាញភេរវករ ការពារពួកគេពីការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល»។
សូមជម្រាបថា ប្រធានាធិបតីប្រទេសនីហ្សេ លោក Mohamed Bazoum អាយុ ៦៤ ឆ្នាំត្រូវបានឃុំខ្លួនក្នុងផ្ទះដោយអង្គរក្សនៅក្នុងវិមានប្រធានាធិបតី ចាប់តាំងពីថ្ងៃទី ២៦ ខែកក្កដា។ ក្រោយមក កងទ័ពនីហ្សេ បានប្រកាសការគាំទ្ររបស់ខ្លួនចំពោះក្រុមធ្វើរដ្ឋប្រហារ។ កាលពីថ្ងៃទី ២៨ ខែកក្កដា មេបញ្ជាការអង្គរក្សគឺលោក Abdourahamane Tiani បានប្រកាសខ្លួនឯងជាមេដឹកនាំនៃរដ្ឋាភិបាលអន្តរកាលដោយនិយាយថា រដ្ឋប្រហារបានកើតឡើងដោយសារតែ “ស្ថានភាពសន្តិសុខកាន់តែអាក្រក់” ៕
កាលពីថ្ងៃទី២៧ ខែកក្កដា អ្នកនាំពាក្យសេតវិមានអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកមិនមានការចង្អុលបង្ហាញអំពីការចូលរួមរបស់ទាហាន Wagner ក្នុងរដ្ឋប្រហារនៅនីហ្សេឡើយ៕ ប្រែសម្រួលៈ ណៃ តុលា