ព័ត៌មានអន្តរជាតិ

Update ៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក ចាប់ផ្តើមពិភាក្សាគ្នា លើបញ្ហាសន្តិសុខ នៅក្នុងប្រទេសអ៊ុយក្រែន

ប្រភព ៖ AFP

វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា ប្រធានបុគ្គលិករបស់លោកប្រធានាធិបតី Volodymyr Zelenskiy បានលើកឡើងថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សា គ្នា កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណង ផ្តល់ការធានាសន្តិសុខ សម្រាប់ប្រទេសអ៊ុយក្រែន ដែលជាការតាមដានលើការ សន្យារបស់បណ្តាប្រទេស ក្រុម G7 នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO កាលពីខែមុន ។

ប្រទេសអ៊ុយក្រែន ត្រូវបានគេប្រាប់ថា ក្រុមប្រទេសទG7 នឹងបង្កើត និងគោរពដល់ការធានាសន្តិសុខ និងជួយពង្រឹងកម្លាំងយោធារបស់ខ្លួន ដែលក្រោមការឈ្លានពាន អស់រយៈពេល១៧ខែរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ។

រដ្ឋាភិបាល ក្រុងគៀវ មើលឃើញថា កិច្ចចរចានេះជាដំណាក់ កាលជាបណ្តោះអាសន្នមួយ ដែលកំពុងរង់ចាំការចូលជាសមាជិក សម្ព័ន្ធយោធា របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង រឺហៅកាត់ថា NATO ។ នៅឯកិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ប្រទេសលីទុយអានី មេដឹកនាំអង្គការ NATO បានផ្តល់ការគាំទ្រដល់ប្រទេស អ៊ុយក្រែន ប៉ុន្តែបានច្រានចោលការយល់ឃើញណាមួយ នៃសមាជិកភាព រហូតដល់សង្គ្រាម ជាមួយរុស្ស៊ីត្រូវបានដោះស្រាយ ។

ប្រធានបុគ្គលិកប្រធានាធិបតី លោក Andriy Yermak បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram បាន យ៉ាងដូច្នេះថា កិច្ចព្រមព្រៀង ដែលបានឈានដល់នៅទីក្រុង Vilnius គឺជា “មូលដ្ឋានសម្រាប់ដំណើរការកិច្ចព្រមព្រៀង ទ្វេភាគីដែលមាន ការឯកភាពគ្នា” ។

លោក Yermak បានសរសេរបញ្ជាក់ឲ្យដឹងទៀតថា “វាជានិមិត្តរូប ដែលសហរដ្ឋអាមេរិក ដែលជាដៃគូយុទ្ធសាស្ត្រដ៏ធំបំផុតរបស់យើង បានក្លាយជាប្រទេសដំបូងគេ ដែលប្រទេសអ៊ុយក្រែនបានចាប់ផ្តើម ដំណើរការនេះឡើង” ហើយ “តាមរយៈដំណើរការនេះដែរ យើងនឹងបង្កើតគំរូជោគជ័យ សម្រាប់ដៃគូផ្សេងទៀត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top