ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន កូរ៉េខាងត្បូង ទំនងជានឹងព្រមព្រៀងគ្នាលើការរៀបចំកិច្ចប្រជុំកំពូល ៣ ផ្លូវជារៀងរាល់ឆ្នាំ

រូបភាពពី៖​ KYODO

តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ទំនងជានឹងព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាប្រចាំ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ នៅពេលដែលមេដឹកនាំទាំង៣ ជួបគ្នានៅសប្តាហ៍ក្រោយ។

ប្រទេសទាំងបីគ្រោងនឹងលើកឡើងពីកិច្ចព្រមព្រៀងនេះនៅក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់ពួកគេ ដែលត្រូវបានរៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅឯជំរុំ Camp David របស់លោកនៅជិតទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែសីហា។

ក្នុងចំណោមចំណុចផ្សេងទៀត ពួកគេត្រូវបានគេរំពឹងថា នឹងយល់ព្រមធ្វើសមយុទ្ធរួមគ្នា នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងបី នៅជុំវិញឧបទ្វីបកូរ៉េជាប្រចាំ កែលម្អការចែករំលែកព័ត៌មានសម្ងាត់ និងធ្វើការកាន់តែជិតស្និទ្ធលើវិស័យថ្មីៗ ដូចជាសន្តិសុខតាមអ៊ីនធឺណិត និងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់វិស័យឧស្សាហកម្មសំខាន់ៗ។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំក៏នឹងអាចឲ្យដឹងផងដែរថា ប្រទេសទាំងបី នឹងចាប់ផ្តើមចែករំលែកព័ត៌មានក្នុងពេលជាក់ស្តែង អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅដើមដំបូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ដោយស្វាគមន៍យ៉ាងមុតមាំ ចំពោះទំនាក់ទំនងដែលប្រសើរឡើងរវាងជប៉ុន និងកូរ៉េខាងត្បូង ដែលការចងចាំក្នុងសម័យសង្រ្គាមដ៏ជូរចត់របស់ពួកគេ បានបែងចែកវាជាយូរមកហើយ រដ្ឋបាលលោក បៃដិន ស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តអាស៊ីសំខាន់ៗរបស់ខ្លួន។

យោងតាមប្រភពបានឱ្យដឹងថា គំនិតរបស់លោក បៃដិន នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចប្រជុំកំពូលជាទៀងទាត់ ត្រូវបានស្នើឡើងដោយរដ្ឋបាលសហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top