ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានអំពីព្យុះត្រូពិច Khanun បានបោកបក់មកលើដែនដីរបស់ខ្លួន ក្រោយពីបានវាយប្រហារនៅលើទឹកដីជប៉ុន

រូបភាពពី៖​ AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានបន្តបោកបក់មកលើប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់មកលើឧបទ្វីបនេះ បន្ទាប់ពីបានវាយប្រហារមកលើប្រទេសជប៉ុន ដោយបានធ្វើឱ្យទីក្រុងព្យុងយ៉ាង មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការខូចខាតដោយសារគ្រោះទឹកជំនន់ ។

ព្យុះនេះបានចុះខ្សោយទៅជាព្យុះត្រូពិច កម្រិតទាបវិញ ខណៈដែលវាបានឆ្លងចូលប្រទេសកូរ៉េខាងជើង ពេញមួយយប់ ហើយមន្ត្រីយោធា និងបក្សកាន់អំណាច ត្រូវបានចល័តមនុស្សដើម្បីកាត់បន្ថយផលប៉ះពាល់របស់ព្យុះនេះ ទៅលើសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះផងដែរ ។

នៅក្នុងតំបន់ខ្លះនៃប្រទេសកូរ៉េខាងត្បូង គ្រោះជំនន់ទឹកភ្លៀងបានកើនឡើងដល់កម្រិតកំពូលហើយ គឺមានទំហំ៤០០មីលីម៉ែត្រ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងល្បឿនខ្យល់បក់ជាអតិបរមា គឺ១២៦គីឡូម៉ែត្រក្នុង១ម៉ោង ទឹកបានជន់លិចភូមិ សាលារៀន និងផ្លូវថ្នល់ ជាដើម ។

ក្រសួងមហាផ្ទៃបានឲ្យដឹងថា មនុស្សជិត១៦.០០០នាក់ត្រូវបានជម្លៀសខ្លួនចេញ ប៉ុន្តែប្រហែល៦០ភាគរយនៃពួកគេបានវិលត្រឡប់ទៅផ្ទះវិញគិតត្រឹមម៉ោង៦ព្រឹក ហើយជើងហោះហើរប្រហែល៣៥០និងខ្សែរថភ្លើងចំនួន៤៥០ត្រូវបានលុបចោល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top