SAN ANTONIO៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ កងទ័ពរបស់ប្រទេសអូស្ត្រាលី និងហ្វីលីពីន បានធ្វើសមយុទ្ធ នៅជិតចំណុចសំខាន់ នៃដែនទឹកសមុទ្រចិនខាងត្បូង ដែលទាមទារដោយប្រទេសចិន ដោយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានសាទរពួកគេថា ជាគំរូ “ដ៏សំខាន់ខ្លាំងណាស់” នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ។
គេបានដឹងថា ប្រទេសចិន ដាក់ពង្រាយឆ្មាំឆ្នេរសមុទ្ររាប់រយនាក់ កងទ័ពជើងទឹក និងនាវាផ្សេងទៀត ដើម្បីល្បាត និងការពារតំបន់ថ្មប៉ប្រះទឹកនៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលបានអះអាងស្ទើរតែទាំងស្រុងថា ជាដែនទឹករបស់ខ្លួន បើទោះបីជាមានសេចក្តីសម្រេចពីអន្តរជាតិថា ទីតាំងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ ។
សមយុទ្ធរួមគ្នានៅថ្ងៃសុក្រនេះបានធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹកមួយចម្ងាយប្រហែល២៤០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតនៃតំបន់ Scarborough Shoal ដែលជាកន្លែងនេសាទដ៏សម្បូរបែបដែលប្រទេសចិន បានដណ្តើមយកពីប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១២បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹង ។
លោក Marcos បានប្រាប់ដល់អ្នកយកព័ត៌មានថា “ដោយពិចារណាថា មានព្រឹត្តិការណ៍ជាច្រើនដែលបញ្ជាក់ពីភាពប្រែប្រួល នៃតំបន់ សមយុទ្ធប្រភេទនេះ ប្រភេទនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរវាងប្រទេសជុំវិញតំបន់ គឺមានសារៈសំខាន់ខ្លាំងណាស់” ។
លោកបានថ្លែងអំពីសមយុទ្ធដែលគាត់បានមើលឃើញជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ថា “វាគឺជាទិដ្ឋភាពសំខាន់នៃរបៀបដែលយើងរៀបចំសម្រាប់ព្រឹត្តិការណ៍ណាមួយ” ។
សមយុទ្ធផ្លូវអាកាស សមុទ្រ និងដីគោក ដែលជាសមយុទ្ធរួមគ្នាដ៏សំខាន់ជាលើកដំបូងរបស់ប្រទេសទាំង២ ដោយសម្តែងធ្វើជាដណ្តើមយកដែនកោះដែលគ្រប់គ្រងដោយសត្រូវមកវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា