ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន សម្តែងការខកចិត្តជាខ្លាំង នៅពេល លោក ហ្ស៊ី ជិនពីង មិនចូលរួម ក្នុងកិច្ចប្រជុំក្រុម G20

រូបភាព៖ Xinhua

Delaware ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកមានការខកចិត្តជាខ្លាំង នៅពេលដែលលោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង មិនបានចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំប្រទេសទាំង២០ រឺហៅថា ក្រុម G20 ដែលបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបានថ្លែងទៀតថា លោកនឹង “ទៅជួបគាត់” ។

លោក បៃដិន បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មាននៅឯឆ្នេរ Rehoboth រដ្ឋ Delaware ថា “ខ្ញុំខកចិត្ត… ប៉ុន្តែខ្ញុំនឹងទៅជួបគាត់” ។

គួរបញ្ជាក់ថា លោក បៃដិន នឹងធ្វើទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌាពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង២០ បន្ទាប់មកបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ខណៈដែលរដ្ឋបាលរបស់លោកស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី ។

យោងតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា លោក ហ្ស៊ី ទំនងជានឹងបោះបង់ចោលការចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ហើយលោកនាយករដ្ឋមន្ត្រីចិន Li Qiang ត្រូវបានគេរំពឹងថា នឹងតំណាងឱ្យក្រុងប៉េកាំងនៅឯកិច្ចប្រជុំនៅទីក្រុង ញ៉ូដេលី ។

នៅគ្រាដែលមានការចោទសួរ ថាតើ គាត់ទន្ទឹងរង់ចាំដំណើររបស់គាត់ ឬអត់ លោក បៃដិន បានថ្លែងថា “បាទ ខ្ញុំរង់ចាំដំណើរនេះ” ។

លោក បៃដិន បានថ្លែងថា “ខ្ញុំចង់ឆ្លាតពេលបន្តិចទៀត … សម្រាប់ការសម្របសម្រួល ។ ខ្ញុំគិតថា ពួកគេទាំង២ ចង់សំដៅទៅលើ (ប្រទេសឥណ្ឌា និងវៀតណាម) ចង់បានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយករណីនេះអាចមានប្រយោជន៍ខ្លាំងណាស់” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top