ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក វាយប្រហារ របស់អ៊ុយក្រែន ហោះសំដៅទៅទីតាំងឧស្សាហកម្ម របស់រុស្ស៊ី ប៉ុន្តែត្រូវបានបាញ់ទម្លាក់

រូបភាព​៖ Sputnik

បរទេស៖ អភិបាលតំបន់ គឺលោក Aleksandr Bogomaz បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនមួយគ្រឿង ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស ក្នុងពេលដែលយន្តហោះនេះ មានគោលបំណងហោះទៅ “កន្លែងឧស្សាហកម្ម” នៅក្នុងទីក្រុង Bryansk ភាគខាងលិចរបស់ប្រទេសរុស្ស៊ី។ តំបន់ Bryansk មានព្រំដែនជាមួយអ៊ុយក្រែន ហើយត្រូវបានអ៊ុយក្រែនកំណត់ គោលដៅវាយប្រហារជាច្រើនដង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោក Bogomaz គឺថា យន្តហោះគ្មានមនុស្សបើក បានបង្វែរទិសដៅដោយសារតែមានសញ្ញាឧបសគ្គ ហើយបានធ្លាក់ចូលទៅក្នុងអគាររដ្ឋបាលមួយ ដែលបានឆេះមួយរយៈពេលខ្លី ប៉ុន្តែ មិនមានអ្នករងរបួសទេ។

លោកអភិបាលបានបន្ថែមថា យន្តហោះដ្រូនទីពីរត្រូវបានបាញ់ទម្លាក់ ដោយមិនបង្កការខូចខាតណាមួយនៅលើដី។

បណ្តាញ Telegram Mash បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកដំបូងបានធ្លាក់ចូលទៅក្នុងអគារដែលជាកម្មសិទ្ធិរបស់រោងចក្រ Kremniy EL ដែលផលិតមីក្រូឈីបនិងឧបករណ៍អេឡិចត្រូនិក។

លោក Bogomaz បាននិយាយទៀតថា កងទ័ពអ៊ុយក្រែនក៏បានបាញ់ផ្លោងទៅលើភូមិ Demyanki និងបានបាញ់រ៉ុក្កែតជាង ៣០ គ្រាប់ទៅកាន់ភូមិ Sluchevsk ។ យ៉ាងហោចណាស់ផ្ទះមួយខ្នងត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែមិនមាននរណាម្នាក់រងរបួសក្នុងការវាយប្រហារនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top