ព័ត៌មានអន្តរជាតិ

យូអិន៖ គ្មានសញ្ញា នៃការបញ្ចប់ទៅជម្លោះ នៅអ៊ុយក្រែននោះទេ

Xinhua

បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ខណៈដែលរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងគៀវ បានកំណត់សម្រេចគោលបំណង របស់ពួកគេដោយការប្រើប្រាស់កម្លាំង ដូចគ្នានោះវាមើលទៅហាក់ដូចជា គ្មានក្តីសង្ឃឹមសម្រាប់ដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះក្នុងប្រទេសអ៊ុយក្រែន នាពេលខាងមុខនោះទេ។

យោងតាមការចេញផ្សាយរបស់ RT លោក Guterres បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយមុនកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌាថា៖ខ្ញុំមិនសង្ឃឹមខ្លាំងទេថា យើងនឹងមានដំណោះស្រាយ ដោយសន្តិវិធីនាពេលអនាគតដ៏ខ្លីខាងមុខ។ ខ្ញុំ​គិត​ថា ភាគី​ទាំង​ពីរ​នៅ​តែ​សម្រេច​ចិត្ត​បន្ត​ទៅ​មុខ ​តាមរយៈ​ជម្លោះនិងការប្រើប្រាស់កម្លាំង។

នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្មានខែថ្មីៗនេះ កងកម្លាំងរបស់ទីក្រុងគៀវ បានបាត់បង់ជិវិតយោធា របស់ខ្លួនដល់ទៅ៦៦០០០នាក់ និងសម្ភារៈធុនធ្ងន់ចំនួន ៧៦០០គ្រឿង ដើម្បីព្យាយាមទម្លុះតំបន់ការពាររបស់រុស្ស៊ី រវាងតំបន់ Kherson និងតំបន់ Donetsk។

ទោះបីជារបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ចាត់ទុកការវាយលុកនេះ គឺជាការបរាជ័យក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នៅតែទទូចថាយោធារបស់គាត់នឹង ដណ្តើមយកតំបន់អតីតអ៊ុយក្រែននៃ Kherson, Zaporozhye និងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជា Crimea ដែលបានចូលជាសមាជិកសហព័ន្ធរុស្ស៊ីក្នុងឆ្នាំ ២០១៤នោះផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top