ព័ត៌មានអន្តរជាតិ

យន្តហោះយោធា V-22 Osprey របស់អាមេរិក ចុះចតជាបន្ទាន់នៅក្នុង អាកាសយានដ្ឋានស៊ីវិលក្នុងទីក្រុង Oita របស់ជប៉ុន

រូបភាពពី៖​ Kyodo

បរទេស៖ យន្តហោះយោធា V-22 Osprey របស់សហរដ្ឋអាមេរិកបានធ្វើការចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានស៊ីវិលក្នុងទីក្រុង Oita របស់ប្រទេសជប៉ុន, នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុនកាលពីថ្ងៃសៅរ៍ ដោយបន្ថែមថា ការចុះចតបន្ទាន់នេះ គ្មាននរណាម្នាក់រងរបួសនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា យន្តហោះយោធា V-22 Osprey បានចុះចតនៅអាកាសយានដ្ឋាន ១៥ នាទីបន្ទាប់ពីការស្នើសុំចុះចត ហើយមូលហេតុនៃភាពអាសន្នមិនទាន់ដឹងនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ មានការពន្យារពេលមួយផ្នែកក្នុងការហោះហើរ និងការចុះចតនៃជើងហោះហើរស៊ីវិល បន្ទាប់ពីឧបទ្ទវហេតុនេះ ដោយសារតែតម្រូវការត្រួតពិនិត្យផ្លូវរត់។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា រាល់ព័ត៌មានទាក់ទងនឹងយន្តហោះ Osprey គឺជាការចាប់អារម្មណ៍បំផុតសម្រាប់ជនជាតិជប៉ុន ដោយសារតែសង្គមមិនទុកចិត្តលើយន្តហោះនេះ ដោយសារតែមានការធ្លាក់ និងឧបទ្ទវហេតុជាច្រើន។

របាយការណ៍បាននិយាយថា កាលពីថ្ងៃពុធ ការចុះចតបន្ទាន់ចំនួន៥ដែលពាក់ព័ន្ធនឹងយន្តហោះ Osprey បានកើតឡើងនៅអាកាសយានដ្ឋានចំនួន២នៅភាគខាងត្បូងប្រទេសជប៉ុនគឺនៅអាកាសយានដ្ឋាន Painushima Ishigaki ក្នុងខេត្ត Okinawa និងអាកាសយានដ្ឋាន Amami ក្នុងខេត្ត Kagoshima ៕ ប្រែសម្រួលៈ ណៃ តុលា

To Top