ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ប៉ាឡេស្ទីន ច្រានចោល​ការ​ប៉ុនប៉ង ​របស់​អ៊ីស្រាអែល ​ដើម្បីបំបែក​តំបន់ហ្គាហ្សា ពី​តំបន់វេសបែង

រូបភាព៖ Xinhua

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានច្រានចោល ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បី “បំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង” ដោយ​ថាពួកគេ “នឹងមិនទទួលបានសន្តិសុខ និងស្ថិរភាព សម្រាប់នរណាម្នាក់ឡើង” ។

លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតី ប៉ាឡេស្ទីន បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ហ្គាហ្សា គឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន ក្រោមយុត្តាធិការ របស់អង្គការរំដោះ ប៉ាឡេស្ទីន (PLO)។

លោក Abu Rudeineh បានលើកឡើងថា ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីបំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង នឹងបរាជ័យ ហើយនឹងមិនត្រូវបានអនុញ្ញាតឡើយ ដោយមិនគិតពីសម្ពាធ ឬការគំរាមកំហែងណាមួយឡើយ។

លោកបានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការឈ្លានពានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងតំបន់វេសបែង ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះនៅក្នុងរង្វង់។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក “នឹងអាចសម្រេចបានដោយការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅតាមព្រំដែនឆ្នាំ១៩៦៧”។

ជាងនេះទៅទៀត លោកបានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិណាមួយនឹងគ្មានប្រយោជន៍ ដរាបណាការកាន់កាប់តំបន់វេសបែង, ហ្គាហ្សា និងយេរ៉ូសាឡឹមខាងកើត នៅតែបន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅព្រឹកថ្ងៃដដែល លោក Hussein Al-Sheikh អគ្គលេខាធិការនៃគណៈកម្មាធិការប្រតិបត្តិ PLO បានថ្កោលទោសការប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើការរក្សាការគ្រប់គ្រងសន្តិសុខនៅតំបន់ហ្គាហ្សា នៅពេលដែលជម្លោះ ដែលកំពុងបន្តត្រូវបានបញ្ចប់។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែល នឹងធ្វើការដើម្បីបង្កើតការគ្រប់គ្រងសន្តិសុខពេញលេញលើតំបន់ ហ្គាហ្សា បន្ទាប់ពីជម្លោះក្នុងគោលបំណង “លុបបំបាត់ការគំរាមកំហែងផ្នែកសន្តិសុខ” ខណៈពេលដែលបដិសេធមិនអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីន ត្រឡប់ទៅតំបន់ហ្គាហ្សា វិញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top