ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក Joe Biden ប្រាប់អ្នកសារព័ត៌មានថា អាមេរិក និងចិន នឹងបន្តទំនាក់ទំនងយោធាឡើងវិញ

បរទេស៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងស្តារបណ្តាញទំនាក់ទំនង រវាងយោធា របស់ប្រទេសទាំងពីរឡើងវិញ នេះបើតាមប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរវាង លោកជាមួយប្រធានាធិបតីចិន Xi Jinping នៅតំបន់ San Francisco Bay នៅថ្ងៃពុធ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើជាម្ចាស់ផ្ទះទទួលសមភាគីចិន លោក ស៊ី ជិនពីង នៅ San Francisco នៅថ្ងៃពុធ សម្រាប់កិច្ចប្រជុំកំពូលទ្វេភាគី នៅថ្ងៃដំបូងនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។

ប្រធានាធិបតីទាំងពីរត្រូវបានអមដំណើរ ដោយមន្ត្រីរដ្ឋាភិបាលកំពូលមួយចំនួន ហើយបានចែករំលែកសេចក្តីថ្លែងការណ៍ បើករបស់ពួកគេជាមួយអ្នកសារព័ត៌មាន មុនការពិភាក្សាជាផ្លូវការ។

លោក Biden បានរំលឹកលោក ស៊ី ថា ពួកគេបានជួបគ្នាលើកចុងក្រោយនៅកោះបាលី កាលពីមួយឆ្នាំមុន ហើយថា លោកទន្ទឹងរង់ចាំការពិភាក្សា ដោយស្មោះត្រង់ និងឥតលាក់លៀម អំពីទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន ដែលលោកបាននិយាយថា ចាំបាច់ត្រូវ “គ្រប់គ្រងដោយការទទួលខុសត្រូវ” ដូច្នេះនឹងមិនងាកចេញ ពីការប្រកួតប្រជែង ហើយក្លាយទៅជម្លោះឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top